ប្រទេសថៃ អាចនឹងកើនឡើងកម្តៅខ្លាំងដូចវាលខ្សាច់សាហារ៉ា នៅឆ្នាំ២០៧០

អន្តរជាតិ

យោងតាមការសិក្សាថ្មីៗនេះ បានបង្ហាញឲ្យដឹងថា ប្រទេសថៃ អាចនឹងមានសីតុណ្ហភាពប្រចាំឆ្នាំជាមធ្យមស្មើនឹងសីតុណ្ហភាពនៅវាលខ្សាច់សាហារ៉ា នៅឆ្នាំ២០៧០ ដោយសារតែការប្រែប្រួលអាកាសធាតុ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការសិក្សានេះ ត្រូវបានធ្វើឡើងដោយ លោកស្រី Tara Buakamsri នាយកកម្មវិធីនៃស្ថាប័នស្រាវជ្រាវ Climate Connectors នៅក្នុងអត្ថបទស្រាវជ្រាវមួយមានចំណងជើងថា “Too Hot To Live: Climate Change In Thailand”។

តាមការសិក្សាដដែលនេះ ប្រទេសថៃ អាចប្រឈមមុខទៅនឹងការកើនឡើងកម្តៅប្រចាំឆ្នាំជាមធ្យមលើសពី ២៩​ អង្សាសេ ដែលស្មើនឹងសីតុណ្ហភាពនៅវាលខ្សាច់សាហារ៉ា សព្វថ្ងៃនេះ។

គួរឲ្យដឹងថា សីតុណ្ហភាពអតិបរមា (MAT) ត្រូវបានគណនាដោយយកសីតុណ្ហភាពជាមធ្យមនៃថ្ងៃទាំងអស់ក្នុងមួយឆ្នាំ នៅទីតាំងដែលបានកំណត់។ ហើយ MAT របស់ប្រទេសថៃបច្ចុប្បន្ននេះ មានសីតុណ្ហភាពប្រហែល ២៦ អង្សាសេ ដែលជិតដល់កម្រិតគ្រោះថ្នាក់បំផុត។

មិនតែប៉ុណ្ណោះ យោងតាមលោកស្រី Buakamsri បានបង្ហាញឲ្យដឹងទៀតថា ប្រទេសថៃ បានជួបនឹងសញ្ញាគ្រោះថ្នាក់ជាច្រើនរួចទៅហើយ ទាក់ទងទៅនឹងការប្រែប្រួលអាកាសធាតុ ជាក់ស្តែងចាប់ពីខែមីនាដល់ខែឧសភាជារៀងរាល់ឆ្នាំ ប្រទេសថៃ កត់ត្រាសីតុណ្ហភាពលើសពី ៤០ អង្សាសេជាប្រចាំ។ នៅទីក្រុង និងទីប្រជុំជនជាង ៥០ បានឈានដល់ ឬកើនឡើងលើសពីសីតុណ្ហភាពធម្មតាជាប្រវត្តិសាស្ត្រ។

ជម្រាបជូនថា ក្រៅតែពីកំដៅថ្ងៃខ្លាំង ប្រទេសថៃ ក៏បានជួបប្រទះជាមួយនឹងគ្រោះរាំងស្ងួតខ្លាំង ទឹកជំនន់ញឹកញាប់ និងកាន់តែធ្ងន់ធ្ងរជាងមុន រួមទាំងកម្រិតទឹកសមុទ្រកើនឡើង ដែលគំរាមកំហែងដល់សហគមន៍ឆ្នេរសមុទ្រ និងតំបន់សេដ្ឋកិច្ចសំខាន់ៗ៕​