នរណាខ្លះជាប់ឈ្មោះជាមហាសេដ្ឋីមានដាច់គេបំផុតរបស់ប្រទេសជប៉ុន នៅក្នុងឆ្នាំ២០២៦ នេះ?

អន្តរជាតិ

បុគ្គល និងគ្រួសារដែលមានដាច់គេបំផុតទាំង៥ របស់ប្រទេសជប៉ុន ត្រូវបានគេរាយការណ៍ថាមានទ្រព្យសម្បត្តិសរុបរួមបញ្ជូលគ្នាប្រមាណ ១៨៧ពាន់លានដុល្លារ នៅឆ្នាំនេះ ដោយទ្រព្យរបស់ពួកគេទាំងនោះ ទទួលបានភាគច្រើនពីឧស្សាហកម្មធំៗ ដូចជា ហិរញ្ញវត្ថុ ម៉ូដសម្លៀកបំពាក់ ម្ហូបអាហារ និងបច្ចេកវិទ្យា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទស្សនាវដ្តី Forbes លោក Masayoshi Son ស្ថាបនិកក្រុមហ៊ុន SoftBank Group បានឡើងមកឈរកំពូលតារាងជាអ្នកមានដាច់គេបំផុតរបស់ប្រទេសជប៉ុននៅឆ្នាំនេះ បន្ទាប់ពីបានខកខានរយៈពេល ៤ឆ្នាំ។ ទ្រព្យសម្បត្តិសរុបរបស់លោក បានកើនឡើង ៥១,៨ពាន់លានដុល្លារ ឬ ១៨៤% ដល់ចំនួនសរុប ៨០ពាន់លានដុល្លារ។

ទន្ទឹមនឹងនេះ លោក Tadashi Yanai និងក្រុមគ្រួសារ ដែលជាស្ថាបនិកក្រុមហ៊ុនសម្លៀកបំពាក់ Uniqlo បានធ្លាក់មកចំណាត់ថ្នាក់លេខពីរ បើទោះបីជាទ្រព្យសម្បត្តិរបស់លោក បានកើនឡើងជាងមួយភាគបីនៅឆ្នាំនេះ ដល់ ៦៥ពាន់លានដុល្លារក៏ដោយ។

ដោយឡែក ចំណាត់ថ្នាក់លេខបីគឺបានទៅលើលោក Takemitsu Takizaki ដែលជាស្ថាបនិកក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិច Keyence ដែលមានទ្រព្យសម្បត្តិសរុបចំនួន ២៣,៦ពាន់លានដុល្លារ កើនឡើង ២១% ពីឆ្នាំមុន។

ចំណែកឯចំណាត់ថ្នាក់លេខ៤ គឺលោក Nobutada Saji និងគ្រួសារ ដែលជាស្ថាបនិក និងជាប្រធានក្រុមហ៊ុនភេសជ្ជៈ Suntory Holdings ជាមួយទ្រព្យសម្បត្តិសរុប ៩,៣ពាន់លានដុល្លារ។ ក្រុមហ៊ុនរបស់លោកនៅពីក្រោយម៉ាកល្បីៗរួមមាន Suntory Whisky, Jim Beam និង Maker’s Mark ជាដើម។

ចុងក្រោយ គ្រួសារ Sekiya បានឡើងឡើងមកកាន់ចំណាត់ថ្នាក់លេខប្រាំ ជាអ្នកមានដាច់គេរបស់ជប៉ុន បន្ទាប់ពីបានបន្ថែម ៤,១ពាន់លានដុល្លារ ដែលនាំឲ្យទ្រព្យសម្បត្តិសរុបកើនឡើងដល់ ៩,១ពាន់លានដុល្លារ។ គ្រួសារ Sekiya គឺជាស្ថាបនិកក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្ស Disco ដែលផ្គត់ផ្គង់សម្រាប់ប្រើប្រាស់ក្នុងផលិតផលដូចជាទូរស័ព្ទដៃ៕​