រុស្ស៊ី បានឈានដល់ការផ្គត់ផ្គង់ប្រេងរហូតដល់ ១៥០ លានបារ៉ែលដល់ប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី លោក Prabowo Subianto ទៅកាន់ទីក្រុងមូស្គូ កាលពីពេលថ្មីៗនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

លោក Prabowo បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅឯវិមានក្រឹមឡាំង កាលពីសប្តាហ៍មុន ដែលជាកន្លែងមេដឹកនាំទាំងពីរពិភាក្សាគ្នាអំពីការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ រួមទាំងវិស័យថាមពលផងដែរ ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Antara បានដកស្រង់សម្តីរបស់លេខាធិការគណៈរដ្ឋមន្ត្រី លោក Teddy Indra Wijaya ថា ក្នុងអំឡុងដំណើរទស្សនកិច្ចនោះ ឥណ្ឌូណេស៊ី ទទួលបានការផ្គត់ផ្គង់ប្រេងចំនួន ១៥០ លានបារ៉ែល ដើម្បីដោះស្រាយបញ្ហាប្រែប្រួលសេដ្ឋកិច្ច។
ជម្រាបជូនផងដែរថា ដូចទៅនឹងប្រទេសជាច្រើនផ្សេងទៀតដែរ ឥណ្ឌូណេស៊ី បានស្ថិតនៅក្រោមសម្ពាធពីការកើនឡើងនៃតម្លៃប្រេងសកល ដោយសារតែសង្គ្រាមនៅមជ្ឈិមបូព៌ា ហើយបានខិតខំប្រឹងប្រែងដើម្បីធានាបាននូវអ្នកផ្គត់ផ្គង់ជំនួស។ ប្រហែល ២០% ទៅ ២៥% នៃការនាំចូលប្រេងឆៅរបស់ឥណ្ឌូណេស៊ី គឺបានមកពីមជ្ឈិមបូព៌ា ហើយត្រូវឆ្លងកាត់ច្រកសមុទ្រ Hormuz ដ៏សំខាន់៕

