រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ការប្រឡងជ្រើសរើសបេក្ខជនចូលរៀនវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ «អ្នកចេះ គឺជាប់»

សង្គម​ និង​សេដ្ឋកិច្ច

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅក្នុងឱកាសអញ្ជើញចុះហត្ថលេខាប្រកាសលទ្ធផលវិញ្ញាសាសរសេរ នៃការប្រឡងជ្រើសរើសបេក្ខជន និងបេក្ខនារី ចូលរៀនវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ ថ្នាក់ជាតិ ជំនាន់ទី៧ និងថ្នាក់តំបន់រាជធានីភ្នំពេញ និងតំបន់ជុំវិញ ជំនាន់ទី២១ នៅសាកលវិទ្យាល័យធនធានមនុស្ស កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ បានគូសបញ្ជាក់ថា «អ្នកចេះ គឺជាប់» ការប្រឡងត្រូវតែមានតម្លាភាព យុត្តិធម៌ និងផ្អែកលើគុណភាពជាចម្បង»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការបញ្ជាក់ពីក្រសួងទេសចរណ៍ ការប្រឡងនេះមានគោលបំណងជ្រើសរើសធនធានមនុស្សដែលមានសមត្ថភាព និងមានគុណភាពខ្ពស់ ដើម្បីចូលរួមបណ្តុះបណ្តាល និងអភិវឌ្ឍវិជ្ជាជីវៈជាមគ្គុទ្ទេសក៍ទេសចរណ៍ បម្រើដល់ការលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព ប្រកបដោយគុណភាព និងភាពប្រកួតប្រជែង។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ការអភិវឌ្ឍធនធានមនុស្សជាគន្លឹះសំខាន់ក្នុងការលើកស្ទួយគុណភាពសេវាកម្មទេសចរណ៍ និងបង្កើនភាពទាក់ទាញរបស់គោលដៅទេសចរណ៍កម្ពុជា ក្នុងបរិបទនៃការប្រកួតប្រជែងក្នុងតំបន់ និងអន្តរជាតិ។

ទន្ទឹមនឹងនោះ ក្រសួងទេសចរណ៍នឹងបន្តពង្រឹងការបណ្តុះបណ្តាល និងការត្រួតពិនិត្យគុណភាពមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីធានាថាមានវិជ្ជាជីវៈ សុចរិតភាព និងសមត្ថភាពគ្រប់គ្រាន់ ក្នុងការផ្តល់បទពិសោធន៍ដ៏ល្អដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕