លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា វិស័យទេសចរណ៍ ជាវិស័យងាយរងផលប៉ះពាល់ពីព័ត៌មានក្លែងក្លាយ និងអវិជ្ជមានដែលទាមទារការឆ្លើយតបឱ្យបានទាន់ពេលវេលា សកម្ម និងប្រកបដោយប្រសិទ្ធិភាព។

ការលើកឡើងបែបនេះរបស់រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ ធ្វើឡើងក្នុងឱកាសលោករដ្ឋមន្រ្ដីអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងពង្រឹងការងារទំនាក់ទំនងសាធារណៈនិងព័ត៌មាន កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។
បើតាមការបញ្ជាក់ពីក្រសួងទេសចរណ៍ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងចំនួន៣ គឺ៖ (១) បន្ពពង្រឹង និងដាក់ចេញនូវយុទ្ធសាស្រ្តថ្មីៗ សម្រាប់ក្រុមការងារចំនួន ៤ មានក្រុមអ្នកនាំពាក្យ, ក្រុមការងារ influencers, ក្រុមការងារ Media, ក្រុមការងារបរិវត្តកម្មឌីជីថល,(២) ពង្រឹងសង្គតិភាពនិងសុខដុមនីយកម្មនៃក្រុមការងារ និង (៣) ពង្រឹងប្រសិទ្ធភាពការងារជាលក្ខណៈជវភាពជាប្រព័ន្ធតែមួយ ដោយបានវាយតម្លៃលើចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈមកន្លងមក ការឆ្លើយតបនឹងសំណូមពរ និងដាក់ចេញនូវទិសដៅការងារបន្តលើបញ្ហាប្រឈមថ្មីៗ ចំពោះមុខ។

ថ្លែងក្នុងឱកាសនេះ លោក ហួត ហាក់ បានមានប្រសាសន៍ថា ការងារទំនាក់ទំនងសាធារណៈនិងព័ត៌មាន គឺត្រូវតែពង្រឹងឱ្យមានភាពប្រទាក់ក្រឡាជាប្រព័ន្ធតែមួយ និងមានកិច្ចសហការឱ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេសការត្រៀមខ្លួនរួចជាស្រេចជាលក្ខណៈបុរេសកម្ម សកម្ម និងជាប់ជាប្រចាំនៅក្នុងសមរភូមិព័ត៌មានទេសចរណ៍ ដោយ «ចាក់ទឹកថ្លា ក្នុងទឹកល្អក់»។
ក្នុងន័យនេះ យើងត្រូវយកចិត្តទុកដាក់ទាំងលើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៅតាមទីផ្សារគោលដៅ, ពង្រីកការផ្សព្វផ្សាយអំពីកិត្តិនាមកម្ពុជា និងព័ត៌មានវិជ្ជមានឱ្យកាន់តែខ្លាំងបន្ថែមទៀត ព្រមទាំងការឆ្លើយតបនិងវាយបក ឱ្យបានទាន់ពេលវេលា ប្រកបដោយភាពច្នៃប្រឌិត និងប្រសិទ្ធិភាពខ្ពស់។
បន្ថែមពីនេះ លោករដ្ឋមន្រ្ដី ក៏បានណែនាំផងដែរ ត្រូវយកចិត្តទុកដាក់លើការតាមដាន និងឆ្លើយតបចំពោះការលាបពណ៌ពីការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងអវិជ្ជមាន ដែលប៉ះពាល់ដល់កិត្តិនាមកម្ពុជា រួមទាំងអត្ថបទមួយចំនួនដែលបានប្រើប្រាស់ពាក្យ “scambodia”៕

