តំណាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានប៉ះទង្គិចពាក្យសម្តីគ្នាយ៉ាងខ្លាំង នៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ UN កាលពីថ្ងៃចន្ទ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ និងការជ្រើសរើសឲ្យប្រទេសនេះធ្វើជាអនុប្រធានមួយ ក្នុងចំណោមអនុប្រធានរាប់សិបផ្សេងទៀត នៅក្នុងសន្និសីទរយៈពេលមួយខែ ដើម្បីពិនិត្យឡើងវិញនូវសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ហៅកាត់ថា NPT។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សន្និសីទលើកទី១១ ដើម្បីពិនិត្យឡើងវិញនូវការអនុវត្តសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) ដែលបានចូលជាធរមាននៅឆ្នាំ១៩៧០ បានចាប់ផ្តើមនៅថ្ងៃចន្ទ នៅឯអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក។
ក្នុងអំឡុងសន្និសីទនោះ ក្រុមផ្សេងៗគ្នាបានស្នើតែងតាំងអនុប្រធានសន្និសីទចំនួន ៣៤ រូប ហើយប្រធានសន្និសីទ គឺឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអង្គការសហប្រជាជាតិ លោក Do Hung Viet បាននិយាយថា អ៊ីរ៉ង់ត្រូវបានជ្រើសរើសដោយ “ក្រុមរដ្ឋមិនចូលបក្សសម្ព័ន្ធ និងរដ្ឋដទៃទៀត”។
ជុំវិញការតែងតាំងនេះ លោក Christopher Yeaw ជំនួយការលេខាធិការនៃការិយាល័យគ្រប់គ្រងអាវុធ និងមិនរីកសាយភាយអាវុធសហរដ្ឋអាមេរិក បានប្រាប់សន្និសីទថា ការជ្រើសរើសអ៊ីរ៉ង់ គឺជា “ការប្រមាថ” ចំពោះ NPT។
លោក Yeaw បាននិយាយទៀតថា វាជារឿងមិនអាចប្រកែកបានឡើយ ដោយអ៊ីរ៉ង់បានបង្ហាញជាយូរមកហើយនូវការមើលងាយរបស់ពួកគេ ចំពោះការប្តេជ្ញាចិត្តមិនរីកសាយភាយអាវុធនុយក្លេអ៊ែររបស់ NPT។
តែទោះជាយ៉ាងណាក៏ដោយ លោក Reza Najafi ដែលបម្រើការជាឯកអគ្គរដ្ឋទូតរបស់ទីក្រុងតេអេរ៉ង់ប្រចាំទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ បានបដិសេធសេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិកថា «គ្មានមូលដ្ឋាន និងមានហេតុផលនយោបាយ»។
លោកថែមទាំងបាននិយាយប្រាប់កិច្ចប្រជុំថា ៖”វាជារឿងមិនអាចទទួលយកបានដែលសហរដ្ឋអាមេរិក ក្នុងនាមជារដ្ឋតែមួយគត់ដែលបានប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងជារដ្ឋដែលបន្តពង្រីក និងធ្វើទំនើបកម្មឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន មកធ្វើជាអាជ្ញាកណ្តាលនៃការអនុលោមតាមសន្ធិសញ្ញា NPT នេះនោះ” ។
ជម្រាបជូនថា បញ្ហានុយក្លេអ៊ែរគឺជាចំណុចកណ្តាលនៃសង្គ្រាមរយៈពេលពីរខែរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ជាថ្មីនៅថ្ងៃអាទិត្យថា អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរបានឡើយ៕

