នាព្រឹកថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ នៅក្រសួងពាណិជ្ជកម្ម ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានអញ្ជើញចូលរួមក្នុងទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៦ ក្រោមមូលបទ “កម្មសិទ្ធបញ្ញា និងកីឡា: ការត្រៀមរួចរាល់ ការកំណត់ និងច្នៃប្រឌិត” ដែលកម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ក្នុងកម្មវិធីទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៦ ក៏មានការរៀបចំនូវព្រឹត្តិការណ៍អមចំនួន៤ ផងដែរ ដែលមានដូចជា៖ ១.ពិធីសម្ពោធគម្រោងគ្លីនិកកម្មសិទ្ធិបញ្ញា ២.ការដាក់ឱ្យប្រើប្រាស់នូវទិន្នន័យ WIPO Publish Cloud សម្រាប់គ្រប់គ្រងនិងវិភាគព័ត៌មាន ចុះបញ្ជីម៉ាក និងប្រព័ន្ធស្រាវជ្រាវ តាមដាន និងការវិភាគម៉ាកសម្រាប់សាធារណជន រួមទាំងម៉ាកសម្គាល់ភូមិសាស្រ្តទំនិញរបស់កម្ពុជា ៣.ពិធីសម្ពោធ ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និង ៤.ពិធីប្រគល់ជូនវិញ្ញាបនបត្រចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។
សូមជម្រាបថា ទិវាកម្មសិទ្ធិបញ្ញាពិភពលោក ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី២៦ ខែមេសា ដើម្បីលើកកម្ពស់ការយល់ដឹងសាធារណៈលើវិស័យកម្មសិទ្ធិបញ្ញាជាសកល និងជំរុញការច្នៃប្រឌិត និងនវានុវត្តន៍៕





