យោងតាមរបាយការណ៍ចុងក្រោយមួយ បានបង្ហាញឲ្យដឹងថា iPhone 18 ស្តង់ដារបស់ក្រុមហ៊ុន Apple អាចនឹងមានប្រព័ន្ធដំណើរការអន់ជាង និងអេក្រង់ដែលមានគុណភាពទាបជាង iPhone 17 ខណៈពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិកមួយនេះ កំពុងព្យាយាមរក្សាតម្លៃឲ្យនៅទាប ចំពេលមានការចំណាយច្រើនលើការផលិត។

យោងតាមរបាយការណ៍របស់គេហទំព័រ MacRumors បានបង្ហាញថា Apple អាចផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់ខ្លួន សម្រាប់ត្រកូល iPhone 18 ដោយដាក់ម៉ូដែលស្តង់សាររបស់ខ្លួន ឲ្យស្ថិតនៅកម្រិតទាបជាង បើធៀបទៅនឹងម៉ូដែលស្តង់ដារបស់ iPhone ជំនាន់។
ជុំវិញការផ្លាស់ប្តូរនេះ ត្រូវបានគេដឹងថានឹងជួយ Apple រក្សាតម្លៃទាបជាងមុន សម្រាប់មូដែលមូលដ្ឋាន ខណៈពេលដែលកំពុងមានការកើនឡើងខ្លាំងនៃថ្លៃដើមផលិតសម្រាប់បន្ទះឈីប និងអង្គចងចាំ ។
យោងតាម MacRumors បានបង្ហាញឲ្យដឹងទៀតថា Apple អាចនឹងបន្ទាបកម្រិតល្បឿននៃបន្ទះឈីបដែលត្រូវបំពាក់លើ iPone 18 ដោយកាត់បន្ថយចំនួនស្នូល CPU នៅក្នុងម៉ូដែលស្តង់ដារ ហើយក៏អាចប្រើអង្គចងចាំយឺតជាងមុន ផងដែរ។
មិនតែប៉ុណ្ណោះ iPhone 18 ក៏អាចនឹងមានកម្រិតអេក្រង់ទាបជាងមុនផងដែរ បើធៀបទៅនឹងម៉ូដែល 17 កាលពីឆ្នាំមុន ដែលមានកម្រិតអេក្រង់ទំហំ ៦,៣ អ៊ីញ ជាមួយនឹងការគាំទ្រ ProMotion និងអាចជះពន្លឺបានរហូតដល់ ៣ ០០០ nits។
ជម្រាបជូនផងដែរថា នេះគ្រាន់តែជាការប៉ាន់ស្មានដំបូងរបស់អ្នកវិភាគប៉ុណ្ណោះ ខណៈកាលវិភាគនៃការដាក់ចេញបង្ហាញ iPhone ជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple នៅឆ្នាំនេះ នឹងត្រូវដឹងនៅក្នុងខែកញ្ញាខាងមុខ ៕

