ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីកំពូលៗវៀតណាម បន្តកើនឡើងជាង ២ពាន់លានដុល្លារ នៅក្នុងខែសីហា ដោយលោក Pham Nhat Voung ប្រធានក្រុមហ៊ុនហ៊ុន Vingroup បន្តរក្សាតំណែងជាអ្នកមានបំផុតរបស់ប្រទេស។

យោងតាមទស្សនាវដ្តីអាមេរិក Forbes បានឲ្យដឹងថា វៀតណាម បច្ចុប្បន្នមានមហាសេដ្ឋីចំនួន ៥នាក់ ជាប់ក្នុងបញ្ជី ជាមួយទ្រព្យសម្បត្តិសរុបរហូតដល់ទៅ ២៣,៣ពាន់លានដុល្លារ ពោលគឺបានកើនឡើងជាង ២ពាន់លានដុល្លារ គិតចាប់តាំងពីដើមខែកក្កដាមក។
គួរឲ្យដឹងថា បញ្ជាីនេះរួមមានស្ថាបនិក និងជាប្រធានក្រុមហ៊ុន Vingroup លោក Pham Nhat Vouong ជាមួយទ្រព្យសម្បត្តិសរុប ១៣ពាន់លានដុល្លារ កើនឡើង ១,១ពាន់លានដុល្លារ គិតចាប់តាំងពីដើមខែសីហានេះមក។
សម្រាប់ដំណែងលេខ២ ធ្លាក់លើលោកស្រី Nguyen Thi Phuong Thao ប្រធានក្រុមហ៊ុន Vietjet មានទ្រព្យសម្បត្តិសរុប ៣,៧ពាន់លានដុល្លារ កើនឡើងប្រមាណ ៥០០លានដុល្លារ។
លោក Tran Dinh Long ប្រធានក្រុមហ៊ុន Hoa Phat ជាប់ចំណាត់ថ្នាក់ទី៣ ជាមួយទ្រព្យសម្បត្តិសរុប ២,៨ពាន់លានដុល្លារ និងលោក Ho Hung Anh ប្រធានក្រុមហ៊ុន Techcombank មានទ្រព្យសរុប ២,៦ពាន់លានដុល្លារ ដោយពួកគេទាំងពីរ បានឃើញទ្រព្យសម្បត្តិរបស់ខ្លួនកើនឡើងប្រមាណ ២០០លានដុល្លារ ដូចគ្នា។
ចំណែកឯចំណាត់ថ្នាក់ចុងក្រោយ គឺបានលើលោក Nguyen Quang Dang ប្រធានក្រុមហ៊ុន Masan មានទ្រព្យសម្បត្តិសរុប ១,១ពាន់លានដុល្លារ ពោលគឺបានកើនឡើង ១០០លានដុល្លារ គិតចាប់តាំងពីដើមខែកក្កដាមក៕

