ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បានជំរុញឲ្យប្រជាពលរដ្ឋកាត់បន្ថយការប្រើប្រាស់ប្រេងសាំង ខណៈពេលដែលប្រទេសរបស់ខ្លួន កំពុងជួបការលំបាកក្នុងការនាំចូលប្រេងឥន្ធនៈគ្រប់គ្រាន់ ដោយសារតែការបិទផ្លូវរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក Ghalibaf បានថ្លែងនៅក្នុងសុន្ទរកថាផ្សាយផ្ទាល់តាមទូរទស្សន៍រដ្ឋនៅថ្ងៃទី១ កញ្ញាថា ៖”ជាការពិតណាស់ ផ្នែកមួយនៃការទទួលខុសត្រូវចំពោះការប្រើប្រាស់ខ្ពស់បែបនេះមិនមែនស្ថិតនៅលើប្រជាជនទេ ប៉ុន្តែស្ថិតនៅលើឧស្សាហកម្មរបស់យើង។ ប៉ុន្តែក្នុងករណីណាក៏ដោយ វាច្បាស់ណាស់ថាអ្វីដែលយើងត្រូវធ្វើគឺចូលរួមកាត់បន្ថយការប្រើប្រាស់ប្រេងសាំង”។
ជុំវិញការអំពាវនាវនេះ បានកើតឡើងបន្ទាប់ពីអនុប្រធានាធិបតីអ៊ីរ៉ង់ លោក Mohammad Jafar Ghaempanah បាននិយាយនៅថ្ងៃទី២៦ ខែសីហាថា ការបិទផ្លូវរបស់សហរដ្ឋអាមេរិក កំពុងរារាំងអ៊ីរ៉ង់ពីការនាំចូលប្រេងសាំង។ លោកក៏បានសង្កត់ធ្ងន់ទៀតថា ការផលិតប្រេងសាំងនៅក្នុងស្រុកគឺមិនគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការនោះទេ។
ទន្ទឹមនឹងនេះ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយផងដែរថា ការនាំចូល និងនាំចេញរបស់អ៊ីរ៉ង់បានធ្លាក់ចុះ ២៥-៣៥% ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយសារតែការបិទច្រកសមុទ្ររបស់សហរដ្ឋអាមេរិក។ ដើម្បីដោះស្រាយឱនភាពពាណិជ្ជកម្ម និងកង្វះខាតថវិកា លោក Pezeshkian បានស្នើឱ្យពិចារណាដំឡើងថ្លៃសាំងបន្ថែមទៀត។
គួរជម្រាបជូនថា ជម្លោះរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានផ្ទុះឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ។ ចាប់តាំងពីពេលនោះមក ទីក្រុងតេអេរ៉ង់បានគ្រប់គ្រងច្រកសមុទ្រ Hormuz ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ខណៈពេលដែលទីក្រុងវ៉ាស៊ីនតោន បានចេញបញ្ជាបិទផ្លូវទឹកលើកំពង់ផែអ៊ីរ៉ង់ ផងដែរ៕

