លោក Anant Ambani កូនប្រុសរបស់មហាសេដ្ឋីមានដាច់គេនៅឥណ្ឌា Mukesh Ambani បានស្នើយកសត្វដំរីទឹកចំនួន ៨០ ក្បាលដែលជាកម្មសិទ្ធិរបស់មេគ្រឿងញៀន Pablo Escobar ដើម្បីការពារពួកវាពីការតាមសម្លាប់ដោយអាជ្ញាធរកូឡុំប៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

លោក Anant Ambani បានបង្ហោះសារមួយនៅលើបណ្តាញសង្គមកាលពីពេលថ្មីៗនេះថា សត្វដំរីទឹកទាំង ៨០ ក្បាលនោះ មិនអាចជ្រើសរើសកន្លែងដែលពួកគេកើតបានទេ ដូច្នេះហើយពួកគេគួរតែត្រូវបានសង្គ្រោះទៅកាន់កន្លែងថ្មី។
គួរឲ្យដឹងថា សត្វដំរីទឹកទាំង ៨០ ក្បាលនោះ គឺជាកូនចៅរបស់មេបាដំរីទឹក ៤ក្បាលដែលធ្លាប់ជាកម្មសិទ្ធរបស់ស្តេចគ្រឿងញៀនកូឡុំប៊ី Pablo Escobar អំឡុងពេលលោកសាង់សួនសត្វឯកជនមួយនៅក្នុងកសិដ្ឋាន Hacienda Napoles ក្នុងទសវត្សឆ្នាំ១៩៨០។ ប៉ុន្តែយ៉ាងណាក៏ដោយ លោក Escobar ត្រូវបានក្រុមប៉ូលីសតាមសម្លាប់ នៅក្នុងឆ្នាំ១៩៩៣ ដោយបន្សល់ទុកសត្វដំរីទឹកទាំងនោះ កើតកូនចៅតរាប់សិបក្បាល។
យ៉ាងណាមិញ លោក Anant អាយុ ៣១ឆ្នាំបាននិយាយថាដំរីទឹកទាំងនេះជាសត្វមានជីវិតដែលចេះមានអារម្មណ៍ ដូច្នេះប្រសិនបើអាចធ្វើទៅបាន ពួកវាគួរតែត្រូវបានជួយសង្គ្រោះតាមរបៀបដែលមានសុវត្ថិភាព និងមនុស្សធម៌។ លោកក៏បានជំរុញឱ្យរដ្ឋាភិបាលកូឡុំប៊ីពិចារណាឡើងវិញនូវការសម្រេចចិត្តរបស់ខ្លួនក្នុងការតាមសម្លាប់សត្វដំរីទឹកទាំងនេះ ហើយជំនួសមកវិញ ដោយបញ្ជូនពួកវាទៅមជ្ឈមណ្ឌលជួយសង្គ្រោះរបស់លោក។
ជម្រាបជូនថា លោក Anant បានបង្កើតមជ្ឈមណ្ឌលអភិរក្សសត្វព្រៃមួយឈ្មោះថា Vantara ក្នុងទីក្រុង Jamnagar រដ្ឋ Gujarat ប្រទេសឥណ្ឌា ដែលជាជម្រកសត្វជាង ១៥០ ០០០ ក្បាល ដែលសុទ្ធសឹងតែជាប្រភេទសត្វព្រៃសរុបជាង ២ ០០០ ប្រភេទ៕

