ការដកខ្លួនរបស់ប្រទេសអារ៉ាប់រួម (UAE) បានបណ្តាលឲ្យអង្គការ OPEC បាត់បង់ប្រហែល ៤% នៃចំណែកទីផ្សារផលិតកម្មប្រេងរបស់ខ្លួន ខណៈពេលដែលវាក៏នឹងធ្វើឱ្យសមត្ថភាពរបស់ពួកគេ ក្នុងការគ្រប់គ្រងតម្លៃប្រេងចុះខ្សោយ ដោយសារតែសមត្ថភាពបម្រុងថយចុះផងដែរ។

នៅថ្ងៃទី២៨ ខែមេសា អារ៉ាប់រួម បានប្រកាសដោយមិននឹកស្មានដល់មួយថា ខ្លួននឹងចាកចេញពីអង្គការប្រទេសនាំចេញប្រេងធំបំផុតរបស់ពិភពលោក (OPEC) ដែលនឹងមានប្រសិទ្ធភាពភ្លាមៗ នៅថ្ងៃទី១ ខែឧសភា។
ក្រសួងថាមពលរបស់ប្រទេសនេះ បាននិយាយថា ការសម្រេចចិត្តរបស់ខ្លួន ត្រូវបានធ្វើឡើងបន្ទាប់ពីការពិនិត្យឡើងវិញយ៉ាងទូលំទូលាយអំពីគោលនយោបាយផលិតកម្មរបស់ប្រទេស ក៏ដូចជាសមត្ថភាពបច្ចុប្បន្ន និងអនាគត ដែលផ្តល់ឱ្យ UAE នូវភាពបត់បែនកាន់តែច្រើនក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលទីផ្សារ ចំពេលមានវិបត្តិថាមពលដោយសារសង្គ្រាមនៅអ៊ីរ៉ង់។
យោងតាមរដ្ឋមន្ត្រីក្រសួងថាមពលអារ៉ាប់រួម លោក Suhail Al Mazrouei ក៏បានសង្កត់ធ្ងន់ថា ការចាកចេញរបស់ប្រទេសខ្លួន នឹបង្កឱ្យមានការរំខានតិចតួច ដល់ប្រទេសដទៃទៀត។ លោកបាននិយាយថា ការចាកចេញរបស់ UAE នៅពេលនេះគឺជាការសម្រេចចិត្តត្រឹមត្រូវព្រោះវានឹងមានផលប៉ះពាល់តិចតួចប៉ុណ្ណោះ លើតម្លៃ និងដៃគូនៅក្នុង OPEC និង OPEC+។
ទន្ទឹមនឹងនេះ ក្រុមអ្នកវិភាគ ក៏បានបង្ហាញការយល់ស្របថា វានឹងមានផលប៉ះពាល់រយៈពេលខ្លីប៉ុណ្ណោះ ដោយសារការផលិត និងការនាំចេញរបស់ OPEC ត្រូវបានរារាំងរួចហើយដោយជម្លោះនៅមជ្ឈិមបូព៌ា។ កាលពីខែមីនា ទិន្នផលរបស់ប្លុកនេះ បានធ្លាក់ចុះ ២៧% មកត្រឹម ២០,៧៩ លានបារ៉ែលក្នុងមួយថ្ងៃ។
ដោយឡែក លោក Jorge Leon ប្រធានផ្នែកវិភាគភូមិសាស្ត្រនយោបាយនៅ Rystad Energy បានបង្ហាញការយល់ស្របផងដែរ ប៉ុន្តែព្រមានអំពីផលវិបាករយៈពេលវែងសម្រាប់ OPEC។ មុនពេល UAE ចាកចេញ អង្គការនេះមានសមាជិកចំនួន ១២ រួមមាន អារ៉ាប៊ីសាអូឌីត អាល់ហ្សេរី កុងហ្គោ ហ្គីណេអេក្វាទ័រ ហ្គាបុង អ៊ីរ៉ង់ អ៊ីរ៉ាក់ គុយវ៉ែត លីប៊ី នីហ្សេរីយ៉ា និងវេណេស៊ុយអេឡា។
ជម្រាបជូនថា UAE បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចចិត្តរបស់ OPEC អស់រយៈពេលជិតប្រាំមួយទសវត្សមកហើយ។ ប្រទេសក្នុងតំបន់ឈូងសមុទ្រនេះ បានចូលរួមជាមួយ OPEC នៅឆ្នាំ១៩៦៧ ពោលគឺរយៈប្រាំពីរឆ្នាំបន្ទាប់ពីការបង្កើតអង្គការនេះត្រូវបានបង្កើតឡើង។ ដូច្នេះ អ្នកសង្កេតការណ៍បានព្រមានថា ការអវត្តមានរបស់ UAE អាចបង្កើតភាពវឹកវរ និងធ្វើឲ្យ OPEC ចុះខ្សោយ៕

