យោងតាមទិន្នន័យពីស្ថាប័នស្រាវជ្រាវ Counterpoint Research បានបង្ហាញឲ្យដឹងថា ទូរស័ព្ទ iPhone 17 Pro Max របស់ក្រុមហ៊ុន Apple បាននាំមុខគេក្នុងការលក់ស្មាតហ្វូនទូទាំងពិភពលោក ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥។

ប្រភពដដែលបានបង្ហាញឲ្យដឹងទៀតថាស៊េរី iPhone 17 ទាំងបីម៉ូដែលរបស់ Apple បានគ្រប់គ្រងតំណែងជាស្មាតហ្វូនលក់ដាច់ច្រើនជាងគេបំផុត សម្រាប់ត្រីមាសនោះ។
យ៉ាងណាមិញ ក្រុមហ៊ុន Samsung ជាប់ចំណាត់ថ្នាក់លេខពីរ ជាមួយនឹងស្មាតហ្វូនចំនួន ៤ ម៉ូដែលរបស់ខ្លន ក្នុងនោះរួមមាន Galaxy A56 បន្ទាប់មកគឺ Galaxy A36 និង Galaxy A07 ។
ទន្ទឹមនឹងនេះ Xiaomi គឺជាក្រុមហ៊ុនដែលមានស្មាតហ្វូនរបស់ខ្លួនតែមួយគត់ ជាប់នៅក្នុងចំណាត់ថ្នាក់ នោះគឺ Redmi A5 ស្ថិតនៅលំដាប់ទីប្រាំបួន។

ជារួម ស្មាតហ្វូនកំពូលទាំង១០ មានចំនួន ២៣% នៃការលក់ទូទាំងពិភពលោក ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ ដោយ iPhone 17 Pro Max តែមួយរួមចំណែករហូតដល់ទៅ ៥% ៕

