លោក ត្រាំ និយាយថាអាមេរិកកំពុងពិចារណាដកកងទ័ពចេញពីប្រទេសអាល្លឺម៉ង់

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមរិក កំពុងពិចារណាកាត់បន្ថយចំនួនកងទ័ពដែលឈរជើងនៅក្នុងប្រទេសអាល្លឺម៉ង់ ហើយនឹងធ្វើការសម្រេចចុងក្រោយទៅលើរឿងនេះ នៅក្នុងពេលឆាប់ៗ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សរសេរនៅលើបណ្តាញសង្គម Truth Social នៅថ្ងៃទី២៩ ខែមេសា លោក ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកកំពុងសិក្សា និងវាយតម្លៃលទ្ធភាពនៃការកាត់បន្ថយចំនួនកងទ័ពរបស់ខ្លួន នៅក្នុងប្រទេសអាល្លឺម៉ង់ បន្ទាប់ពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ហាក់មានភាពរកាំរកូស។

យ៉ាងណាមិញ ជុំវិញសេចក្តីថ្លែងការណ៍នេះ បានកើនឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ត្រាំ បានរិះគន់ជាសាធារណៈទៅលើអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ជុំវិញជម្លោះនៅមជ្ឈិមបូព៌ា។ កាលពីនៅថ្ងៃទី២៧ ខែមេសា មេដឹកនាំអាល្លឺម៉ង់រូបនេះ បានអះអាងថា សហរដ្ឋអាមេរិកខ្វះយុទ្ធសាស្ត្រច្បាស់លាស់ ហើយកំពុងទទួលរងភាពអាម៉ាស ដោយសារអ៊ីរ៉ង់។

គួរឲ្យដឹងថា គិតនៅត្រឹមឆ្នាំ២០២៤ សហរដ្ឋអាមេរិក បានដាក់ពង្រាយកងទ័ពជាង ៣៥ ០០០ នាក់ នៅក្នុងមូលដ្ឋានយោធាជាង ៤០ កន្លែង នៅទូទាំងប្រទេសអាល្លឺម៉ង់ ហើយតយោងតាមប្រព័ន្ធផ្សព្វផ្សាយជាតិអឺរ៉ុប ប៉ាន់ប្រមាណថាចំនួនទាហានអាមេរិក នៅក្នុងប្រទេសអាល្លឺម៉ង់បច្ចុប្បន្ន កើនឡើងជិតដល់ ៥០ ០០០ នាក់។

ជម្រាបជូនថា ប្រធានាធិបតីលោក ត្រាំ បានរិះគន់ម្តងហើយម្តងទៀតចំពោះអង្គការណាតូ ក៏ដូចជាប្រទេសជាសម្ព័ន្ធមិត្តមួយចំនួន និងថែមទាំងបានគំរាមកាត់បន្ថយការដាក់ពង្រាយកងទ័ព នៅក្នុងសម្ព័ន្ធមិត្តអឺរ៉ុប ជាច្រើនលើកច្រើនសារហើយផងដែរ គិតចាប់តាំងពីការឡើងកាន់តំណែងក្នុងអាណត្តិដំបូងរបស់លោកមក៕