ក្រុមហ៊ុនរថយន្តអគ្គិសនីវៀតណាម VinFast ប្រកាសខាតលុយជាង ២ពាន់លានដុល្លារ

អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់វៀតណាម VinFast កាលពីពេលថ្មីៗនេះ បានរាយការណ៍ពីការខាតបង់ជាង ២ពាន់លានដុល្លារ កាលពីឆ្នាំ២០២៣ កន្លងទៅ​ បន្ទាប់ពីមិនអាចសម្រេចគោលដៅលក់របស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន VinFast បាននិយាយនៅក្នុងឯកសារមួយដែលបានដាក់ជូនទៅកាន់គណ:កម្មការមូលបត្រអាមេរិកថា ប្រាក់ចំណូលសរុបរបស់ខ្លួននៅក្នុងឆ្នាំ២០២៣ មានចំនួន ១,១៩ពាន់លានដុល្លារ ពោលគឺបានកើនឡើងដល់ទៅ ៩១% ឯណោះ បើធៀបទៅនឹងឆ្នាំ២០២២។

ប៉ុន្តែទន្ទឹមនឹងនេះ ក្រុមហ៊ុនរថយន្តអគ្គិសនីរបស់វៀតណាមមួយនេះ ក៏បានរាយការណ៍ពីការខាតបង់រហូតដល់ទៅ ២,៣៩ពាន់លានដុល្លារ ពោលគឺបានកើនឡើង ១៤,៧% បើធៀបទៅនឹងឆ្នាំ២០២២ បន្ទាប់ពីមិនអាចសម្រេចគោលដៅក្នុងការលក់រថយន្ត EV របស់ខ្លួនបាន។

គួរឲ្យដឹងថា ក្រុមហ៊ុន VinFast បានលក់រថយន្តអគ្គិសនីសរុបចំនួន ៣៤ ៨៥៥ គ្រឿង នៅក្នុងឆ្នាំ២០២៣ ដែលបានកើនឡើង ១១១% បើធៀបទៅនឹងឆ្នាំ២០២២ ប៉ុន្តែយ៉ាងណាក៏ដោយតួលេខានេះ គឺតិចជាងគោលដៅលក់ចំនួន ៥០ ០០០ គ្រឿង។

ជម្រាបជូនផងដែរថា ក្រុមហ៊ុន VinFast សង្ឃឹមថានឹងបង្កើនគោលដៅក្នុងការលក់រថយន្តរបស់ខ្លួនឲ្យបានចំនួន ១០០ ០០០ គ្រឿងនៅឆ្នាំ២០២៤ នេះ បន្ទាប់ពីខ្លួនកំពុងផ្តោតខ្លាំង ក្នុងការជ្រៀតចូលទៅកាន់ទីផ្សារអន្តរជាតិផ្សេងទៀត ក្រៅតែពីសហរដ្ឋអាមេរិក កាណាដា នឹងអឺរ៉ុប៕