ប្រទេសនៅមជ្ឈិមបូព៌ា កំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត គិតចាប់តាំងពីជំងឺរាតត្បាត ដោយផលិតផលក្នុងស្រុកសរុប (GDP) អាចនឹងធ្លាក់ចុះរហូតដល់ ៦% នៅឆ្នាំនេះ ដោយសារតែជម្លោះ។

នៅក្នុងការស្ទង់មតិចុងក្រោយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយបង្ហាញថា អ្នកសេដ្ឋកិច្ចបានបន្ទាបការព្យាករកំណើនរបស់ពួកគេសម្រាប់ប្រទេសជាច្រើននៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC)។
ជម្លោះនៅមជ្ឈិមបូព៌ាបានរំខានដល់ទីផ្សារថាមពល ដែលត្រូវបានចាត់ទុកថាជាខ្សែជីវិតសេដ្ឋកិច្ចរបស់ប្រទេសជាច្រើននៅក្នុងតំបន់។ជុំវិញបញ្ហាទាំងនេះ អាចនឹងធ្វើឲ្យការងើបឡើងវិញពីវិបត្តិថាមពល នឹងត្រូវបន្តរហូតដល់ឆ្នាំក្រោយ។
យ៉ាងណាមិញ ចំពោះផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកាតា គុយវ៉ែត និងបារ៉ែន ត្រូវបានគេព្យាករថានឹងធ្លាក់ចុះ ៦%, ៤,៤% និង ២,៩% រៀងគ្នា នៅឆ្នាំ២០២៦។ តួលេខទាំងនេះ គឺផ្ទុយស្រឡះពីការប៉ាន់ស្មានកាលពីខែមករាអំពីកំណើនសេដ្ឋកិច្ចនៅមុនផ្ទុះសង្រ្គាម ដែលមានចម្លោះពី ៣-៥%។
ទន្ទឹមនឹងនេះ កំណើនសេដ្ឋកិច្ចរបស់ប្រទេសអារ៉ាប់រួម UAE វិញ ទំនងជានៅតែបន្តជាប់គាំងស្ទើរតែទាំងស្រុង ដោយកាលពីដើមឆ្នាំ សេដ្ឋកិច្ចរបស់ប្រទេសនេះ ត្រូវបានគេរំពឹងថានឹងកើនឡើង ៥%។
ដោយឡែកអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសនាំចេញប្រេងឆៅធំបំផុតរបស់ពិភពលោក និងអូម៉ង់ ត្រូវបានគេរំពឹងថានឹងមានផលប៉ះពាល់តិចតួច បើធៀបទៅនឹងប្រទេសក្នុងតំបន់ផ្សេងទៀត។ សេដ្ឋកិច្ចរបស់ប្រទេសទាំងពីរត្រូវបានព្យាករថានឹងកើនឡើង ២,៦% និង ២,២% រៀងៗខ្លួននៅឆ្នាំនេះ។
ជម្រាបជូនថា កាលពីដើមខែមេសា ទស្សនាវដ្តី The Economist បានប៉ាន់ប្រមាណថា រដ្ឋឈូងសមុទ្របានរងការខាតបង់រាប់សិបពាន់លានដុល្លារដោយសារជម្លោះនៅអ៊ីរ៉ង់។ តួលេខនេះបានមកពីការធ្លាក់ចុះនៃការលក់ប្រេង និងឧស្ម័ន ក៏ដូចជាការខូចខាតហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងការចំណាយលើប្រព័ន្ធស្ទាក់ចាប់ ការពារដែនអាកាសផងដែរ៕

