ឧកញ៉ា ខេមរៈ សិរីមន្ត ជាកំពូលតារាចម្រៀងរបស់ផលិតកម្ម Galaxy Navatra ដែលមានទឹកដមសំឡេងខ្ពស់ និងជាទីពេញនិយមគ្រប់វ័យ ពិសេសយុវវ័យសម័យថ្មីរបស់ប្រទេសកម្ពុជា ជាង ២ទសវត្សរ៍មកនេះ។ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦នេះ លោក សយ សិរីវុឌ្ឍ អ្នកនិពន្ធទំនុកច្រៀងដ៏ល្បីមួយរូប បានបង្ហើបប្រាប់ពី ៥ចំណុចរបស់ ឧកញ៉ា ខេមរៈ សិរីមន្ត ដែលធ្វើឱ្យតារាចម្រៀងផ្សេងពិបាកធ្វើដូច មានដូចខាងក្រោម៖

១.ចាប់ពីចេញបទដំបូងមកដល់បច្ចុប្បន្នជាង ២០ ឆ្នាំ លោកឧកញ៉ាមានបទល្បីប្រចាំខែប្រចាំឆ្នាំមិនដែលដាច់ ជាច្រើនរាប់មិនអស់មកដល់បច្ចុប្បន្ន
២.លោកឧកញ៉ាអាចច្រៀងបានគ្រប់ទម្រង់មិនថាបទស្រុកស្រែ បទយុវវ័យសម័យ បទកន្ទ្រឹម បទញាក់បទ hiphop និយាយរួមគ្រប់ចង្វាក់គាត់អាចធ្វើបានហើយល្បីគ្រប់ទម្រង់
៣.ហ្វេនដែលគាំទ្រលោកឧកញ៉ាហើយនិងយកតម្រាប់តាម ភាគច្រើនក្លាយជាតារាចម្រៀងល្បីឧទាហរណ៍ ខេម ពេជ្រថាណា ចឺម អនុស្សាវរីយ៍ លីមតិចម៉េង ណាក់ហ្វេក ចឹម និងចាន់ សុបញ្ញា មានច្រើនទៀត
៤.លោកឧកញ៉ាគឺជាតារាចម្រៀងតែម្នាក់ដែលអាចថែរូបរាងឱ្យមានសាច់ដុំសមជាគំរូដល់យុវជននិងហ្វេនឱ្យចេះស្រឡាញ់សុខភាព
៥.ចំណុចខ្លាំងមួយទៀត ទោះលោកឧកញ៉ាផ្ដើមចេញពីកូនកសិករក្រីក្រ និងផ្តើមចេញពីអ្នកចម្រៀងបែបស្រុកស្រែ តែអាចធ្វើឱ្យបទចម្រៀងល្បីជាអន្តរជាតិឧទាហរណ៍ បទ Call me papa ជាដើម។
សូមជម្រាបថា លោកឧកញ៉ា ខេមរៈ សិរីមន្ត ជាតារាចម្រៀងជើងចាស់ និងជាអ្នកជំនួញម្នាក់ផងដែរ។ តាមរយៈសកម្មភាពចូលរួមក្នុងការឧបត្ថម្ភដល់រដ្ឋាភិបាលជាច្រើន លោក ខេមរៈ សិរីមន្ត ដែលមានឈ្មោះពិតថា «ខែម ប៊ុនថៃ» ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារ ជា «ឧកញ៉ា» នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២៕






