អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ សម្ពោធដាក់ឱ្យដំណើការជាផ្លូវការ រោងចក្រ វិរៈ ប៊ុនថាំ ជីកសិកម្ម សមត្ថភាពផលិតបានប្រមាណ ២០០តោន ក្នុងមួយថ្ងៃ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាព ចូលរួមពិធីសម្ពោធ និងបើកដំណើរការជាផ្លូវការ រោងចក្រ វិរៈ ប៊ុនថាំ ជីកសិកម្ម ដែលមានទីតាំងស្ថិតនៅភូមិចំការចេក ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីសម្ពោធរោងចក្រ វិរៈ ប៊ុនថាំ ជីកសិកម្ម ខាងលើនេះ អ្នកឧកញ៉ា បណ្ឌិត បានមានប្រសាសន៍ថា៖ “រោងចក្រជីកសិកម្ម វិរៈ ប៊ុនថាំ បានវិនិយោគលើផ្ទៃដី ទំហំ ១៥ហិកតា និងមានសមត្ថភាពផលិតបានប្រមាណ ២០០តោន ក្នុងមួយថ្ងៃ ក្រោមការវិនិយោគទឹកប្រាក់ដំបូងប្រមាណជាង ៤លានដុល្លារ ដោយការផលិតទាំងស្រុង គឺប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក មានតម្លៃ និងគុណភាពល្អ ដ្បិតថា ទាំងតម្លៃ និងគុណភាពជី ដែលយើងផលិត គឺសុទ្ធតែអាចប្រកួតប្រជែងជាមួយនឹងជីនាំចូលបាន”។

អ្នកឧកញ៉ា បណ្ឌិត បានបន្តថា៖ “បន្ទាប់ពីដំណើរការសាកល្បងផ្គត់ផ្គង់ជីកសិកម្ម ដូចជាជីសរីរាង្គ ជីលាមកជន្លេន និងជីទឹក ជូនប្រជាកសិករតាមតំបន់នានា ប្រកបដោយគុណភាពជាទីពេញចិត្ត ថ្ងៃនេះយើងអាចនិយាយបានថា រោងចក្រមួយនេះ នឹងក្លាយជាផ្នែកមួយ រួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា គឺស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលជំរុញនិងលើកទឹកចិត្តឱ្យមានការវិនិយោគលើការផលិតជីកសិកម្មឱ្យបានកាន់តែច្រើន និងមានគុណភាព ខណៈបញ្ហាជីកសិកម្មនេះ កំពុងជះផលអវិជ្ជមានជាច្រើនទៅលើគុណភាព បរិមាណ និងតម្លៃរបស់ផលិតផលកសិកម្មកម្ពុជា”។

“ខ្ញុំពិតមានសេចក្តី រំភើបរីករាយក្នុងការសម្ពោធ និងបើកដំណើរការជាផ្លូវការ រោងចក្រ វិរៈ ប៊ុនថាំ ជីកសិកម្ម នាព្រឹកនេះ។ ខ្ញុំសង្ឃឹមថា រោងចក្រជីកសិកម្មមួយនេះ នឹងជួយជំរុញលើការដាំដុះឱ្យទទួលបានទិន្នផលខ្ពស់ សម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់ក្នុងស្រុក និងការនាំចេញ”។ អ្នកឧកញ៉ា បណ្ឌិត បានគូសបញ្ជាក់បន្ថែម។

សូមជម្រាបជូនថា រោងចក្រ វិរៈ ប៊ុនថាំ ជីកសិកម្ម របស់ អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ ដែលទើបសម្ពោធជាផ្លូវការនេះ គឺជាគម្រោងវិនិយោគមួយ ក្នុងចំណោមចក្ខុវិស័យវិនិយោគក្នុងវិស័យកសិកម្ម របស់ វិរៈ ប៊ុនថាំ គ្រុប ខណៈដែលកន្លងមក អ្នកឧកញ៉ា បណ្ឌិត បានបោះទុនវិនិយោគយ៉ាងច្រើន ជាបន្តបន្ទាប់ ក្នុងការជួយប្រមូលទិញកសិផលរបស់ប្រជាកសិករខ្មែរ និងចែកចាយលក់បន្ត៕