អ្នកឧកញ៉ា ឧកញ៉ាៗ ៣រូប នឹងចែករំលែកបទពិសោធន៍លើប្រធានបទចំនួនពីរ ក្នុងវេទិកាធុរកិច្ច និងនវានុវត្តន៍ ឆ្នាំ២០២៥

ជុំវិញ​ឧកញ៉ា

សភាពាណិជ្ជកម្មកម្ពុជា នឹងរៀបចំ “វេទិកាធុរកិច្ច និងនវានុវត្តន៍ ឆ្នាំ២០២៥” ដើម្បីជំរុញនិងលើកកម្ពស់បរិយាកាសនៃការច្នៃប្រឌិតនិងនវានុវត្តន៍ក្នុងវិស័យធុរកិច្ច ដែលនឹងប្រព្រឹត្តទៅនៅរសៀល ថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២៥ នាសណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ។ ក្នុងវេទិកានេះដែរ អ្នកឧកញ៉ា និងឧកញ៉ាៗ ចំនួន ៣រូប នឹងចែករំលែកបទពិសោធន៍លើប្រធានបទចំនួនពីរសំខាន់ៗ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វេទិកាធុរកិច្ច និងនវានុវត្តន៍ ឆ្នាំ២០២៥ ធ្វើឡើងក្រោមអធិបតីភាព និងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ហើយនឹងសម្របសម្រួលកម្មវិធី និងបិទដោយ ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។

បើតាមសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា វេទិកាធុរកិច្ចដ៏សំខាន់នេះ មានគោលបំណងចម្បងក្នុងការជំរុញនិងលើកកម្ពស់បរិយាកាសនៃការច្នៃប្រឌិត និងនវានុវត្តន៍ក្នុងវិស័យធុរកិច្ច ដោយផ្តល់ជាវេទិកាដល់ធុរជន ម្ចាស់អាជីវកម្ម ពាណិជ្ជករ និងសហគ្រិន ក្នុងការចែករំលែកបទពិសោធន៍ ស្វែងយល់អំពីនិន្នាការថ្មីៗ និងបច្ចេកវិទ្យាទំនើប ដែលអាច អនុវត្តន៍ក្នុងការផ្លាស់ប្តូរ និងអភិវឌ្ឍអាជីវកម្មរបស់ខ្លួន។

ជាមួយគ្នានេះ អ្នកចូលរួមនឹងទទួលបានចំណេះដឹង និងយុទ្ធសាស្រ្តក្នុងការគ្រប់គ្រងអាជីវកម្ម តាមរយៈការចែករំលែកពីសំណាក់ ធុរជនឆ្នើមៗ ជាច្រើនរូបនៅក្នុងប្រទេសកម្ពុជា។ នាឱកាសនោះ អ្នកឧកញ៉ា ម៉ុង ប្ញទ្ធី ប្រធានគណៈកម្មការទីបីនៃព្រឹទ្ធសភា ជាស្ថាបនិក និងប្រធានក្រុមហ៊ុន ម៉ុង ប្ញទ្ធី គ្រុប (MRG)នឹងធ្វើបាវកថា ស្តីពី “ការប្រែក្លាយកសិកម្មប្រពៃណី ទៅកសិកម្មបែបទំនើប”។

វេទិកានេះ នឹងមានកិច្ចពិភាក្សាពិសេសលើប្រធានបទ៖ “តួនាទីអ្នកដឹកនាំ ក្នុងការជំរុញនវានុវត្តន៍ភាព និងផ្លាស់ប្ដូរការធ្វើធុរកិច្ច” ចូលរួមចែករំលែកដោយ វាគ្មិនកិត្តិយស សំខាន់ៗអញ្ជើញមកពី ស្ថាប័នរាជរដ្ឋាភិបាល និងវិស័យឯកជន រួមទាំងអនុប្រធានសភាពាណិជ្ជកម្ម ២រូបទៀតគឺ ឧកញ៉ា គួច ផេង និងឧកញ៉ា តាន់ មុនីវណ្ណ ផងដែរ៕