តម្លៃប្រេងសាំងនៅសហរដ្ឋអាមេរិក ស្ថិតក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មានរយៈពេល ៤ឆ្នាំចុងក្រោយ

អន្តរជាតិ

ភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ាមិនបានបង្ហាញសញ្ញានៃការធូរស្រាលនោះទេ ដែលបណ្តាលឲ្យតម្លៃប្រេងសាំងនៅសហរដ្ឋអាមេរិក កើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន​ គិតចាប់តាំងពីខែកក្កដា ឆ្នាំ២០២២ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទិន្ននន័យពី GasBuddy កាលពីថ្ងៃទី៥ ខែឧសភា បានបង្ហាញថា ជាមធ្យម តម្លៃប្រេងសាំងលក់រាយនៅសហរដ្ឋអាមេរិក លើសពី ៤,៥០ដុល្លារក្នុងមួយហ្គាឡុង ឬស្មើប្រមាណ ១,២០ដុល្លារក្នុងមួយលីត្រ។

នេះជាលើកដំបូងហើយចាប់តាំងពីខែកក្កដា ឆ្នាំ២០២២ មក ដែលតម្លៃប្រេងសាំងនៅសហរដ្ឋអាមេរិកកើនឡើងដល់កម្រិតដ៏ខ្ពស់បែបនេះ។ នៅក្នុងរដ្ឋកាលីហ័រញ៉ា បច្ចុប្បន្នតម្លៃប្រេងសាំងជាមធ្យម មានកម្រិតខ្ពស់បំផុតនៅក្នុងប្រទេស គឺប្រមាណ ៦,១៤ដុល្លារក្នុងមួយហ្គាឡុង។

គួរឲ្យដឹងផងដែរ តម្លៃប្រេងសាំងនៅសហរដ្ឋអាមេរិក បានកើនឡើងលើសពី ៤ដុល្លារជាលើកដំបូង គិតចាប់តាំងពីចុងខែមីនាមក ដោយសារតែជម្លោះនៅមជ្ឈិមបូព៌ាដែលបានរំខានដល់ការផ្គត់ផ្គង់ថាមពលពិភពលោក។

មិនតែប៉ុណ្ណោះ ការបិទច្រកសមុទ្រ Hormuz បានរារាំងដល់ការនាំចេញប្រេងឆៅ និងឧស្ម័នធម្មជាតិរាវចំនួន ២០% ពីការចូលទៅក្នុងទីផ្សារ។ ជាលទ្ធផល តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើងជិត ៦០% ចាប់តាំងពីជម្លោះបានផ្ទុះឡើង នៅចុងខែកុម្ភៈមក៕​