លោកឧត្តមអគ្គានុរក្ស.១ នុត សវនា អគ្គនាយករង និងជាប្រធានមណ្ឌលអប់រំកែប្រែទី១ (ប្រធានពន្ធនាគារព្រៃស) នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ បានចេញបកស្រាយបំភ្លឺករណីមរណភាព លោក លី សាម៉េត នៅក្នុងមណ្ឌលអប់រំកែប្រែទី១។

តាមរយៈសារនិងលិខិតបង្ហោះលើទំព័រហ្វេសប៊ុក លោកឧត្តមអគ្គានុរក្ស.១ នុត សវនា បានគូសបញ្ជាក់ដល់សាធារណជន និងបងប្អូនអ្នកសារព័ត៌មានឱ្យបានដឹងដូចខាងក្រោម៖
– លោក លី សាម៉េត ក្នុងវ័យ៧៣ឆ្នាំ មានជំងឺប្រចាំកាយធ្ងន់ធ្ងរ គឺជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាមខ្ពស់ តាំងពីមិនទាន់បញ្ជូនមកឃុំខ្លួន នៅ ម១ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤
– ថ្វីត្បិតលោកពុំត្រូវបានអនុញ្ញាតឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខាងក្រៅ លោកត្រូវបានអនុញ្ញាតឱ្យសម្រាកនៅប៉ុស្តិសុខភាពរបស់មណ្ឌលដើម្បីតាមដានសុខភាពជាប្រចាំពីសំណាក់គ្រូពេទ្យរបស់មណ្ឌល និងលេងកីឡាវាយប៊ូលជារៀងរាល់ថ្ងៃផងដែរ
– មួយរយៈចុងក្រោយនេះ លោកបានបង្ហាញអាការៈបាក់ទឹកចិត្ត មានអាកប្បកិរិយាស្រងូតស្រងាត់ និងឧស្សាហ៍ងងិតមុខផង ដោយបញ្ហាក្តីក្តាំនៅតុលាការ (ទោសសរុប ២៤ឆ្នាំ និងមួយសំណុំរឿងទៀតត្រៀមប្រកាសទោស)
– នៅវេលាម៉ោង ៧:៣៥នាទីព្រឹក ថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២៦ ក្រោយប្រជុំជួររួច មន្ត្រីប្រចាំការនៅអគារសម្រាកព្យាបាល នៃប៉ុស្តិសុខភាព ម១ បានធ្វើការចាក់សោរបញ្ចេញជនជាប់ឃុំដូចសព្វមួយដង បានប្រទះឃើញសពលោក លី សាម៉េត នៅលើគ្រែ មានទម្រង់កំពុងសំរានលក់ តែសពមានសភាពរឹងស្តូកស្តឹងទៅហើយ។ ភ្លាមៗនោះមន្ត្រីក៏បានប្រកាសអាសន្ន និងរាយការណ៍សុំជំនួយពីជំនាញសុខាភិបាល
– ក្រោយពិនិត្យឃើញថា ពុំមានសញ្ញាណជីវិតទាល់តែសោះ មណ្ឌលក៏បានធ្វើការបិទខ្ទប់ទីតាំងកើតហេតុ និងបានរាយការណ៍ជូនអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អគ្គនាយកដ្ឋានពន្ធនាគារ និងនាយកដ្ឋាននគរបាលបច្ចេកទេសនិងវិទ្យាសាស្រ្ត នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីស្នើសុំជំនាញកោសល្យវិច័យ និងអង្កេតស្រាវជ្រាវករណីមរណភាព ស្របតាមនីតិវិធីពន្ធនាគារ ដោយមានការចូលរួមពីសំណាក់ ឧកញ៉ា វេជ្ជបណ្ឌិត នន សុវណ្ណរ័ត្ន គ្រូពេទ្យជំនាញកោសល្យវិច័យ របស់ស្ថាប័នតុលាការ
– បន្ទាប់ពីបានចំណាយពេលពិនិត្យអស់រយៈពេលពេញមួយព្រឹក មណ្ឌលក៏បានអញ្ជើញគ្រួសារសព រួមមាន៖ កូនប្រុស ស្រីបង្កើត និងភរិយាសព ដើម្បីចូលរួមពិនិត្យទាំងអស់គ្នា និងបានឯកភាពនិមន្តព្រះសង្ឃ និងអាចារ្យ ធ្វើពិធីតាមបែបសាសនា និងដង្ហែរសពចេញពីមណ្ឌលទៅកាន់គេហដ្ឋានគ្រួសារគាត់វិញដោយក្តីក្រៀមក្រំ
– ទាំងមន្ត្រីជំនាញ និងគ្រួសារសពបានឯកភាពគ្នាថា លោក លី សាម៉េត បានទទួលមរណភាពដោយអាការៈគាំងបេះដូងដោយសារគាត់មានបញ្ហាលើសជាតិស្ករ ទឹកនោមផ្អែមធ្ងន់ធ្ងរ និងសម្ពាធឈាមខ្ពស់។
– ក្នុងនាមអង្គភាពអនុវត្តសាលក្រម សាលដីកាតុលាការ និងអប់រំកែប្រែ ស្តារនីតិសម្បទាជូនជនជាប់ឃុំ មន្ត្រីជំនាញមានភារកិច្ចចាំបាច់ក្នុងការមើលថែសុខមាលភាព និងអាយុជីវិតជនជាប់ឃុំទាំងអស់ ដែលកំពុងអនុវត្តទោស និងរង់ចាំតស៊ូក្តីនៅតុលាការ តែជាអកុសល បញ្ហាស្លាប់តែងកើតមានជាយថាហេតុ មិនអាចទប់ស្កាត់បានទាំងស្រុងឡើយ
លោកឧត្តមអគ្គានុរក្ស.១ នុត សវនា បានបន្តថា ក្នុងនាមប្រធានមណ្ឌល លោកសូមច្រានចោលរាល់ការចោទប្រកាន់យ៉ាងងងើលរបស់ជនឱកាសនិយម ពាលអគតិមួយចំនួន ដែលបានបង្ហោះផ្សព្វផ្សាយមិនពិត ថាមរណភាពរបស់លោក លី សាម៉េត ជាការបង្វែងសភាពការណ៍ឆបោកអនឡាញ និងបញ្ហាមួយចំនួនទៅវិញ។ ពួកនោះជាទមិឡឥតសាសនា គ្មានសីលធម៌ គ្មានសច្ចៈធម៌ក្នុងខ្លួន រកតែឱកាសញុះញង់បង្កការភាន់ច្រលំមកលើសមត្ថកិច្ច និងអាជ្ញាធរដែលកំពុងបំពេញភារកិច្ចដោយមិនខ្លាចនឿយហត់
ជាចុងក្រោយ លោកប្រធានមណ្ឌល ក៏សូមស្នើសុំបងប្អូនអ្នកលេងបណ្តាញសង្គមទាំងអស់ មេត្តាយោគយល់អធ្យាស្រ័យដល់វិញ្ញាណក្ខន្ធសព និងគ្រួសារសពដែលកំពុងមានទុក្ខជាទម្ងន់ សូមមេត្តាកុំប្រើប្រាស់ពាក្យប្រមាថមាក់ងាយ និន្ទា ជាន់ឈ្លី ធ្វើម្តេចគាត់បានចែកឋានទៅហើយ។ សូមបួងសួងដល់គុណបុណ្យ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមវិញ្ញាណក្ខន្ធ លោក លី សាម៉េត បានចាកចេញទៅកាន់សេរីភាព និងបានសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕









