ទំហំពាណិជ្ជកម្មនាំចេញរបស់កម្ពុជាក្នុងឆ្នាំ២០២៥មានចំនួន ៣០ ៤២៦,១ លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១៤,៦% ធៀបនឹងឆ្នាំ២០២៤ ដែលក្នុងនោះ ផលិតផលវិនិយោគកាត់ដេរមានកំណើន ១៦,៤%, ផលិតផលវិនិយោគមិនមែនកាត់ដេរ។

នេះបើយោងតាមកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង អគ្គនាយកដ្ឋានគោលនយោបាយ អគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៅទូទាំងប្រទេស នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កាលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។
នៅក្នុងកិច្ចប្រជុំនោះ ក្នុងឱកាសនោះ លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរាយការណ៍ពីលទ្ធផលការងារសំខាន់ៗមួយចំនួនដែលសម្រេចបានក្នុងឆ្នាំ២០២៥។

លោកបន្តថា នៅឆ្នាំ២០២៥នេះ ទំហំពាណិជ្ជកម្មនាំចេញមានចំនួន ៣០ ៤២៦,១ លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១៤,៦% ធៀបនឹងឆ្នាំ២០២៤ ដែលក្នុងនោះ ផលិតផលវិនិយោគកាត់ដេរមានកំណើន ១៦,៤%, ផលិតផលវិនិយោគមិនមែនកាត់ដេរ (មានជាអាទិ៍ សំបកកង់រថយន្ត, គ្រឿងបំណែកអេឡិចត្រូនិក, បង្គុំខ្សែភ្លើង, ផលិតផលពីឈើ, អំពូល, កង់, ផលិតផលប្លាស្ទិក, ឧបករណ៍និងម៉ាស៊ីនវីដេអូហ្គេម, ស្បែកសត្វ, គ្រឿងសង្ហារិម, គ្រឿងបន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗទៀត) មានកំណើន ២០,១%, និងកសិផល (មានជាអាទិ៍ ស្រូវ, គ្រាប់ស្វាយចន្ទី, កៅស៊ូ, ដំឡូង, អង្ករ និងកសិផលផ្សេងៗទៀត) ថយចុះ ៤,៤%។

តាមរយៈកិច្ចប្រជុំខាងលើនេះដែរ ក៏បានបញ្ជាក់ឱ្យដឹងដែរថា នៅឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មនាំចូលមានចំនួន ៣៣ ៨៨២,២ លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១៨,៧% ធៀបនឹងឆ្នាំ២០២៤ ដែលក្នុងនោះទំនិញនាំចូលសំខាន់ៗមានជាអាទិ៍ ផលិតផលតេលសិលា, យានយន្តនិងគ្រឿងចក្រ, វត្ថុធាតុដើមវាយនភ័ណ្ឌ, វត្ថុធាតុដើមកម្មន្តសាល, គ្រឿងម៉ាស៊ីនបម្រើដល់គម្រោងវិនិយោគ, គ្រឿងសំណង់, សារធាតុគីមី, គ្រឿងឧបភោគបរិភោគ និងទំនិញចម្រុះផ្សេងទៀត៕អត្ថបទ៖ ហ្សាលីន

