ចិន កាត់ទោសប្រហារជីវិតលើអតីតរដ្ឋមន្ត្រីការពារជាតិពីររូប ពីបទពុករលួយ

អន្តរជាតិ

តុលាការយោធាចិន បានកាត់ទោសប្រហារជីវិតទៅលើអតីតរដ្ឋមន្ត្រីការពារពីររូប គឺលោក Wei Fenghe និង Li Shangfu ក្រោមការចោទប្រកាន់ពីបទប្រព្រឹត្តិអំពើពុករលួយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Xinhua បានរាយការណ៍កាលពីថ្ងៃទី៧ ខែឧសភាថា អតីតរដ្ឋមន្ត្រីការពារជាតិ លោក Wei Fenghe ត្រូវបានកាត់ទោលប្រហារជីវិតពីបទសូកប៉ាន់ ខណៈពេលដែលអតីតរដ្ឋមន្ត្រី លោក Li Shangfu បានទទួលទោសស្រដៀងគ្នានេះផងដែរ ពីបទទួល និងផ្តល់សំណូក។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ តាមច្បាប់របស់ប្រទេសចិន អ្នកទោលដែលត្រូវបានកាត់ទោលប្រហារជីវិតនេះ នឹងត្រូវបានផ្តល់ការព្យួរទោសប្រហារជីវិតរយៈពេលពីរឆ្នាំ។ ហើយប្រសិនបើមានអ្វីផ្លាស់ប្តូរក្នុងអំឡុងពេលអនុវត្តនេះ ការកាត់ទោសនឹងត្រូវកាត់បន្ថយមកនៅត្រឹមជាប់ពន្ធនាគារអ់ស់មួយជីវិត។ នេះជាការកាត់ទោសដ៏ធ្ងន់ធ្ងរបំផុតសម្រាប់អតីតមន្ត្រីយោធាជាន់ខ្ពស់ គិតចាប់តាំងពីប្រធានាធិបតីចិន លោក ស៊ី ជិតពីង បានចាប់ផ្តើមយុទ្ធនាការប្រឆាំងអំពើពុករលួយរបស់លោក នៅក្នុងឆ្នាំ២០១២ មក។

យោងតាមសេចក្តីសម្រេចរបស់តុលាការ អតីតរដ្ឋមន្ត្រីទាំងពីររូបក៏ត្រូវបានដកហូតសិទ្ធិនយោបាយរបស់ពួកគេអស់មួយជីវិត និងទ្រព្យសម្បត្តិផ្ទាល់ខ្លួនទាំងអស់របស់ពួកគេត្រូវបានរឹបអូស។ ហើយសូម្បីតែបន្ទាប់ពីទោសរបស់ពួកគេត្រូវបានកាត់បន្ថយមកត្រឹមជាប់ពន្ធនាគារអស់មួយជីវិតក៏ដោយ ក៏ពួកគេមិនមានសិទ្ធិទទួលបានការលើកលែងទោស ឬការកាត់បន្ថយទោសក្នុងទម្រង់ផ្សេងទៀតដែរ។

ជម្រាបជូនថា លោកឧត្តមសេនីយ៍ Wei Fenghe ធ្លាប់បានបម្រើការជារដ្ឋមន្ត្រីក្រសួងការពារជាតិចិនចាប់ពីខែមីនា ឆ្នាំ២០១៨ ដល់ខែមីនា ឆ្នាំ២០២៣ ខណៈលោកឧត្តមសេនីយ៍ Li Shangfu បានឡើងជំនួសលោក Wei ហើយកាន់តំណែងនេះរយៈពេលប្រាំពីរខែ៕​