ឥណ្ឌូណេស៊ី ជាប់នៅចំណាត់ថ្នាក់លេខ២ នៅតំបន់អាស៊ីអាគ្នេយ៍ទាក់ទងនឹងចំនួនពលរដ្ឋដែលមានទ្រព្យសម្បត្តិ ៣០លានដុល្លារ លើសច្រើនជាងនេះ ហើយតួលេខនេះត្រូវបានគេព្យាករថានឹងបន្តកើនឡើងទ្វេដង ក្នុងរយៈពេល ៥ឆ្នាំខាងមុខ។

យោងតាមការសិក្សាថ្មីៗមួយ ដោយក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Knight Frank ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បានបង្ហាញថា ប្រទេសឥណ្ឌូណេស៊ី មានបុគ្គលចំនួន ៣ ៨៣៣ នាក់ដែលមានទ្រព្យសម្បត្តិខ្ពស់ខ្លាំង ដែលជាការកើនឡើង ៣៧% ពីឆ្នាំ២០២១។
ហើយនៅឆ្នាំ២០៣១ ខាងមុខ តួលេខនេះត្រូវបានគេរំពឹងថានឹងកើនឡើង ៨២% ដល់ចំនួន ៦ ៩៦៦ នាក់ ដែលជាអត្រាកើនឡើងដ៏លឿនបំផុត នៅលើពិភពលោក។
នៅអាស៊ីអាគ្នេយ៍ ប្រទេសសិង្ហបុរីនាំមុខគេ ដែលមានពលរដ្ឋមានទ្រព្យសម្បត្តិខ្ពស់ខ្លាំងបំផុត ចំនួន ៧ ១៧១ នាក់ ខណៈថៃជាប់លេខ៣ មានចំនួន ២៨៥៣ នាក់ បន្ទាប់មកគឺប្រទេសហ្វីលីពីន មាន ១ ៩១០ នាក់ ម៉ាឡេស៊ី ១ ៥៦៦ នាក់ និងវៀតណាម ១ ២៣៣ នាក់។
ជម្រាបជូនថា នៅទូទាំងពិភពលោក សហរដ្ឋអាមេរិក នាំមុខគេដោយមានចំនួនពលរដ្ឋមានទ្រព្យសម្បត្តិច្រើន ចំនួន ២៥១ ៣០០ នាក់ និងប្រទេសចិន ជាប់លេខ២ មានចំនួន ១២១ ៦០០ នាក់៕

