ក្រុមហ៊ុន LG Energy Solution (LGES) របស់ប្រទេសកូរ៉េខាងត្បូង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយតម្លៃ ៤,៣ពាន់លានដុល្លារ ជាមួយក្រុមហ៊ុន Tesla ដើម្បីផ្គត់ផ្គង់ថ្មសម្រាប់ប្រព័ន្ធផ្ទុកថាមពល ខណ:ក្រុមហ៊ុនខ្នាតយក្សអាមេរិក កំពុងសម្លឹករកមើលការកាត់បន្ថយការពឹងផ្នែកលើការនាំចូលពីប្រទេសចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

បើតាមប្រភពសុំមិនបញ្ចេញឈ្មោះមួយ បានបង្ហាញឲ្យដឹងថា ថ្មីប្រភេទ Lithium iron phosphate (LFP) ដែលនឹងត្រូវផ្គត់ផ្គង់ទៅឲ្យក្រុមហ៊ុន Tesla នឹងត្រូវផលិតចេញពីរោងចក្រ LGES ក្នុងរដ្ឋ Michigan សហរដ្ឋអាមេរិក។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន LGES បានប្រកាសនៅថ្ងៃពុធនេះទៀតថា ខ្លួនក៏បានឈានដល់ការចុះហត្ថលេខាលើកិច្ចសន្យាដែលមានតម្លៃ ៤,៣ពាន់លានដុល្លារ ដើម្បីផ្គត់ផ្គង់ថ្ម LFP ក្នុងរយ:ពេល ៣ឆ្នាំនៅទូទាំងពិភពលោក ដោយមិនបានបង្ហាញឲ្យដឹងពីអត្តសញ្ញាណអតិថិជនទាំងនោះឡើយ។
គួរឲ្យដឹងផងដែរថា ជុំវិញកិច្ចព្រមព្រៀងចុងក្រោយនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុន Tesla បាននិយាយថាខ្លួនកំពុងព្យាយាមកាត់បន្ថយការពឹងផ្នែកទៅលើការនាំចូលថ្ម LFP ពីប្រទេសចិន ដោយសារតែពន្ធគយអាមេរិក។
ជម្រាបជូនថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់មហាសេដ្ឋី Elon Musk នៅសប្តាហ៍នេះ ក៏បានប្រកាសពីកិច្ចព្រមព្រៀងតម្លៃ ១៦,៥ពាន់លានដុល្លារ ដើម្បីទិញយកបន្ទះឈីបពីក្រុមហ៊ុន Samsung Electronics ផងដែរ៕

