មន្ត្រីមកពីការិយាល័យមេដឹកនាំកំពូលអ៊ីរ៉ង់បាននិយាយថា លោក Mojtaba Khamenei បានជាសះស្បើយពេញលេញពីរបួស បើទោះបីជាលោកមិនទាន់អាចបង្ហាញខ្លួនជាសាធារណៈអស់រយៈពេលជាយូរមកហើយក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

លោក Mazaher Hosseini ប្រធាននាយកដ្ឋានពិធីការនៃការិយាល័យមេដឹកនាំកំពូលនៅអ៊ីរ៉ង់ បាននិយាយនៅថ្ងៃទី៨ ខែឧសភាថា លោក Mojtaba មានសុខភាពល្អ។ ហើយសត្រូវកំពុងផ្សព្វផ្សាយពាក្យចចាមអារ៉ាម និងព័ត៌មានមិនពិតគ្រប់ប្រភេទ។ ពួកគេចង់ដឹងថាគាត់នៅឯណា ប៉ុន្តែមនុស្សត្រូវតែមានការអត់ធ្មត់ និងមិនគួរប្រញាប់ប្រញាល់ពេកទេ។ មេដឹកនាំកំពូល នឹងនិយាយនៅពេលដែលពេលវេលាត្រឹមត្រូវមកដល់។
មិនតែប៉ុណ្ណោះ លោក Hosseini បានបន្ថែមឲ្យដឹងទៀតថា មេដឹកនាំកំពូលលោក Mojtaba Khamenei បានរងរបួសស្រាលនៅជើង និងខ្នងផ្នែកខាងក្រោម ហើយត្រូវបានវាយប្រហារដោយបំណែកនៅពីក្រោយត្រចៀករបស់គាត់។ មន្ត្រីអ៊ីរ៉ង់រូបនេះបានបញ្ជាក់ថា របួសកំពុងជាសះស្បើយហើយ ខណៈលោក Mojtaba មានសុខភាពល្អពេញលេញ។
យ៉ាងណាមិញ បើតាម CNN ដោយដកស្រង់សម្តីមន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះ បានរាយការណ៍នៅថ្ងៃដដែលនោះថា សហគមន៍ស៊ើបការណ៍សម្ងាត់អាមេរិក រហូតមកដល់ពេលនេះមិនអាចរកឃើញមេដឹកនាំអ៊ីរ៉ង់រូបនេះ នៅឡើយទេ។ ហេតុផលមួយគឺថា មេដឹកនាំកំពូលលោក Mojtaba មិនប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចសម្រាប់ការទំនាក់ទំនងទេ ដោយគ្រាន់តែធ្វើអន្តរកម្មជាមួយអ្នកដែលមានសិទ្ធិជួបគាត់ផ្ទាល់ និងផ្ញើសារតាមរយៈជំនួយការរបស់គាត់ប៉ុណ្ណោះ។
គួរឲ្យដឹងថា ទោះបីជាគាត់រងរបួសក៏ដោយ ប៉ុន្តែលោក Mojtaba នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតយុទ្ធសាស្ត្រជម្លោះរួមជាមួយមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ផ្សេងទៀត៕

