កម្ពុជា បង្អួតសម្រស់វប្បធម៌ និងផលិតផលខ្មែរយ៉ាងត្រដែត ក្នុងបុណ្យមិត្តភាពសេអ៊ូល លើកទី៣០ នៅកូរ៉េ

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងព្រឹត្តិការណ៍ បុណ្យមិត្តភាពសេអ៊ូល លើកទី៣០ កាលពីថ្ងៃទី៩-១០ ខែឧសភា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌល DDP ទីក្រុងសេអ៊ូល។ ក្រោមការដឹកនាំរបស់លោកស្រី នួន ផានិត អនុព័ន្ធពាណិជ្ជកម្ម ស្ថានទូតកម្ពុជាបានរៀបចំស្តង់ចំនួន ៥ ដើម្បីបង្ហាញពីផលិតផលសក្តានុពល នំ-បង្អែមខ្មែរ សម្លៀកបំពាក់ប្រពៃណី និងតំបន់ទេសចរណ៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីនេះ ក៏បានប្រមូលផ្តុំនូវកម្មវិធីចម្រុះជាច្រើន រួមមាន៖ ការសម្តែងសិល្បៈវប្បធម៌ពិភពលោក ស្តង់តាំងបង្ហាញផ្សព្វផ្សាយផលិតផលរបស់ស្ថានទូតចំនួន៤៥ ស្តង់ម្ហូបអាហារចំនួន៣០ ស្តង់លក់បង្អែម១៩ និងសកម្មភាពផ្សេងៗនៅក្នុង K-Culture Zone ផ្ទាំងទស្សនីយភាពរូបភាពផ្តិតមកពីទីក្រុងជុំវិញពិភពលោក ម៉ូដសម្លៀកបំពាក់តាមប្រទេសនីមួយៗ ការសាកល្បងកម្មវិធី K- Beauty និងបណ្ណាល័យ Seoul Pop-Up Library ដែលជាឱកាសមួយក្នុងការផ្លាស់ប្តូរនូវវប្បធម៌ដ៏ធំបំផុតរវាងប្រទេសកូរ៉េ និងពិភពលោក ក្រោមប្រធានបទ “ខួបលើកទី៣០ ជាមួយពិភពលោក ការរួមគ្នាតាមរយៈវប្បធម៌”។

ក្នុងឱកាសនេះ ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ក៏បានរៀបចំស្តង់ស្ថានទូតកម្ពុជា ដើម្បីដាក់តាំងបង្ហាញផលិតផលសក្តានុពលនាំចេញរបស់កម្ពុជា ដូចជា៖ ស្តង់នំ-បង្អែម ស្តង់ឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ ស្តង់បង្ហាញវីដេអូនិងរូបភាពផ្សព្វផ្សាយពីតំបន់ទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការសម្តែងសិល្បៈខ្មែរ រួមមាន៖ របាំនារីជាជួរ របាំក្ងោក និងក្បាច់គុនល្បុក្កតោខ្មែរ ដែលបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកចូលទស្សនា ផងដែរ៕