សមាជិកសភាមួយចំនួននៃគណបក្សពលករ កំពុងអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី Keir Starmer លាលែងពីតំណែង បន្ទាប់ពីមានការបរាជ័យយ៉ាងធ្ងន់ធ្ងររបស់គណបក្សកាន់អំណាចមួយនេះ នៅក្នុងការបោះឆ្នោតក្នុងស្រុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

យ៉ាងណាមិញ លោក Starmer បានទទួលយកការទទួលខុសត្រូវចំពោះការបរាជ័យរបស់គណបក្សកាន់អំណាចនៅក្នុងការបោះឆ្នោតក្នុងស្រុកនៅទូទាំងប្រទេសអង់គ្លេស និងការបោះឆ្នោតសភាវែលស៍ និងស្កុតឡេន កាលពីសប្តាហ៍មុន។
ជុំវិញបញ្ហានេះ លោក Starmer បាននិយាយថា៖”ការផ្លាស់ប្តូរភាពជាអ្នកដឹកនាំឥតឈប់ឈររបស់រដ្ឋាភិបាលមុន បានបង្កើតភាពវឹកវរដែលធ្វើឲ្យប្រទេសខាតបង់យ៉ាងច្រើន។ គណបក្សពលករ នឹងមិនត្រូវបានអត់ទោសឲ្យនោះទេ ប្រសិនបើវាបង្កឲ្យមានរឿងនោះកើតឡើងជាថ្មីម្តងទៀត”។
មិនតែប៉ុណ្ណោះ នាយករដ្ឋមន្ត្រីរូបនេះ បានប្រកាសថាលោកនឹងនៅតែកាន់អំណាច ដោយសន្យាថានឹងពង្រឹងគណបក្សពលករ។ តែទោះជាយ៉ាងណាក៏ដោយ ការបែកបាក់ផ្ទៃក្នុងនៅក្នុងគណបក្សកាន់អំណាចមួយនេះ កំពុងកើតមានឡើងរួចទៅហើយ។
ក្រោយការប្រកាសនេះ សមាជិកសភារបស់បក្សពលករជាង ៧០ រូបបានអំពាវនាវជាសាធារណៈឲ្យលោក Starmer លាលែងពីតំណែង ឬផ្តល់ផែនទីបង្ហាញផ្លូវសម្រាប់ការចាកចេញពីតំណែង។ យោងតាមច្បាប់ផ្ទៃក្នុង បេក្ខជនណាដែលទទួលបានការគាំទ្រពីសមាជិកសភាគណបក្សពលករចំនួន ៨១ រូប ដែលស្មើនឹង ២០% នៃអាសនៈរបស់គណបក្សនៅក្នុងសភា អាចនាំទៅរកការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំថ្មី។
ជម្រាបជូនថា លោកស្រី Angela Rayner អតីតឧបនាយករដ្ឋមន្ត្រី ដែលបានលាលែងពីតំណែងនៅឆ្នាំ២០២៥ ដោយសារតែរឿងអាស្រូវពាក់ព័ន្ធនឹងការដាក់ឯកសារពន្ធលើអចលនទ្រព្យផ្ទាល់ខ្លួនក្លែងក្លាយ ត្រូវបានចាត់ទុកថាជាបេក្ខជនដែលមានសក្តានុពល ដើម្បីចូលមកជំនួសតំណែងរបស់លោក Starmer៕

