នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស ស្ម័គ្រចិត្តបរិច្ចាគប្រាក់ឈ្នួល ១៥% របស់លោក ដើម្បីជួយជនអនាថា

អន្តរជាតិ

នាយករដ្ឋមន្ត្រីទើបឡើងកាន់តំណែងថ្មីរបស់អង់គ្លេស លោក Andy Burnham បានប្រកាសពីផែនការមួយដើម្បីជួយដល់ជនាថាស្វែងរកលំនៅដ្ឋាន មុនពេលបុណ្យណូអែលឈានចូលមកដល់ ដោយសន្យាថានឹងបរិច្ចាគផ្នែកមួយនៃប្រាក់ឈ្នួលរបស់លោក ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Burnham បានមានប្រសាសន៍ នៅថ្ងៃទី១៩ ខែសីហា នៅពេលប្រកាសផែនការថ្មីមួយដើម្បីជួយជនអនាថាថា ៖”គ្មាននរណាម្នាក់នឹងត្រូវដេកនៅតាមមាត់ទ្វារ ឬនៅខាងក្រៅស្ថានីយ៍រថភ្លើងទៀតនោះទេ”។

យ៉ាងណាមិញ ក្រោមកម្មវិធីនេះ តំបន់ដែលប្រឈមមុខនឹងសម្ពាធជនអនាថាច្រើន និងលំនៅដ្ឋានមានតម្លៃថ្លៃបំផុត នឹងទទួលបានចំណែកច្រើនជាងគេនៃមូលនិធិនេះ ដែលមានចំនួនរហូតដល់ ៦៦៦លានដុល្លារ។

នៅក្នុងបទសម្ភាស ជាមួយទស្សនាវដ្តី Big Issue ដែលធ្វើការដើម្បីប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ លោក Burnham បាននិយាយថា លោកនឹងបរិច្ចាគប្រាក់ខែគោល ១៥% របស់លោកទៅមូលនិធិគាំទ្រជនអនាថានេះ។ យោងតាមទស្សនាវដ្តី ប្រាក់ចំណូលរបស់នាយករដ្ឋមន្ត្រីគឺប្រហែល ២៤៥ ០០០ដុល្លារក្នុងមួយឆ្នាំ។

គួរជម្រាបជូនថា នៅមុននេះ លោក Burnham ក៏បានសន្យាផងដែរថា រដ្ឋាភិបាលរបស់លោកនឹងធ្វើកិច្ចប្រជុំថ្នាក់ជាតិលើកដំបូង ដើម្បីពិភាក្សាអំពីការដោះស្រាយជនអនាថា នៅចុងឆ្នាំនេះ។ ដោយលោកបានសង្កត់ធ្ងន់ថា អាជ្ញាធរមូលដ្ឋាន និងថ្នាក់ដឹកនាំ រួមទាំងអភិបាលក្រុងផងដែរ នឹងចូលរួមដោយផ្ទាល់ក្នុងការលើកកម្ពស់ និងអនុវត្តសកម្មភាព មុនបុណ្យណូអែលមកដល់៕​