អាជ្ញាធររបស់ប្រទេសចិន បានប្រកាសដាក់ចេញវិធានការគ្រប់គ្រងលើការនាំចេញចំពោះក្រុមហ៊ុនអាមេរិកចំនួន១០ ដើម្បីជាការសងសឹងចំពោះទីក្រុងវ៉ាស៊ីនតោន ដែលបានដាក់ក្រុមហ៊ុនខ្លួនជាច្រើនចូលទៅក្នុងបញ្ជីខ្មៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

នៅក្នុងសេចក្តីប្រកាសមួយនៅថ្ងៃទី២២ ខែមិថុនា ក្រសួងពាណិជ្ជកម្មចិនបាននិយាយថា វិធានការគ្រប់គ្រងការនាំចេញថ្មីត្រូវបានណែនាំដើម្បីជាការឆ្លើយតបទៅនឹងសកម្មភាពធ្ងន់ធ្ងររបស់រដ្ឋាភិបាលអាមេរិកក្នុងការបន្ថែមក្រុមហ៊ុនទៅក្នុង “បញ្ជីសហគ្រាសយោធាចិន”។ ជុំវិញវិធានការចុងក្រោយនេះ ក៏មានគោលបំណងផ្តោតលើ “ការពារសន្តិសុខជាតិ” ផងដែរ។
គួរឲ្យដឹងថាក្នុងចំណោមក្រុមហ៊ុនអាមេរិកចំនួន១០ ដែលស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងរបស់ចិននោះរួមមាន Aveox ដែលជាក្រុមហ៊ុនមានកិច្ចសន្យាលើវិស័យការពារជាតិជាមួយយោធាអាមេរិក និង Oshkosh Defense ដែលជាក្រុមហ៊ុនផលិតយានយន្តយោធា។ ហើយក្នុងនោះក៏រួមបញ្ចូលផងដែរនូវក្រុមហ៊ុនរុករករ៉ែដ៏កម្រធំៗចំនួនពីរគឺ MP Materials និង USA Rare Earth។
យ៉ាងណាមិញ ជុំវិញការសម្រេចចិត្តនេះ បានកើតឡើងមួយខែបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ទៅកាន់ទីក្រុងប៉េកាំង ដែលមានគោលបំណងធ្វើឱ្យទំនាក់ទំនងជាមួយប្រទេសចិនមានស្ថេរភាពឡើងវិញ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កាលពីពីរសប្តាហ៍មុន ទីក្រុងវ៉ាស៊ីនតោនបានប្រកាសពីបញ្ជីខ្មៅថ្មីនៃការដាក់ក្រុមហ៊ុន និងក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៨០ ដែលខ្លួនជឿថាកំពុងគាំទ្រដល់យោធាចិន រួមទាំងក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សដូចជា Alibaba និង Baidu និងក្រុមហ៊ុនផលិតយានយន្តអគ្គិសនី BYD និង NIO ផងដែរ។ ជម្រាបជូនថា ជុំវិញវិធានការចុះក្រោយនេះ បានជំរុញឱ្យទីក្រុងប៉េកាំង ដាក់ចេញការសងសឹក ខណៈពេលដែលក្រសួងហិរញ្ញវត្ថុចិនក៏បានប្រកាសហាមឃាត់ភ្នាក់ងាររដ្ឋាភិបាលពីការទិញផលិតផលពីក្រុមហ៊ុនអាមេរិកចំនួន ៤៦ ផងដែរ រួមទាំងក្រុមហ៊ុន Lockheed Martin, Raytheon និង Boeing៕

