ខួបលើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ៖ រួមគ្នាលើកកម្ពស់ការងារសមរម្យក្នុងបរិបទឌីជីថល សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

សង្គម​ និង​សេដ្ឋកិច្ច

ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់ការងារសមរម្យក្នុងបរិបទឌីជីថលសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ត្រូវបានរៀបចំឡើង នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងនោះដែរ លោកស្រី អឿន បញ្ចនាថ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញចូលរួមជាគណៈអធិបតី ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន អង្គការសង្គមស៊ីវិល សហជីព ដៃគូអភិវឌ្ឍន៍ ព្រមទាំងបងប្អូនអាជីវករ និងអ្នកបម្រើការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធសរុបជាង ២៥០នាក់។

ទិវាពលកម្មអន្តរជាតិឆ្នាំនេះ មិនត្រឹមតែជាការរំលឹកដល់សិទ្ធិរបស់កម្មករនិយោជិតប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាសន្ទនាសង្គមដ៏មានតម្លៃ ដែលបង្ហាញពីកិច្ចសហការអន្តរស្ថាប័ន ទាំងផ្នែកការងារ សេដ្ឋកិច្ច និងបរិស្ថាន ក្នុងគោលដៅរួមគឺការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ និងការធានាបាននូវការអភិវឌ្ឍជាតិមួយប្រកបដោយបរិយាបន្ន និងចីរភាពយ៉ាងពិតប្រាកដ។

ផ្អែកតាម «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» របស់រាជរដ្ឋាភិបាលកម្ពុជា ការធានាបាននូវការងារសមរម្យ និងបរិស្ថានការងារប្រកបដោយសុវត្ថិភាព គឺជាមូលដ្ឋានគ្រឹះក្នុងការជំរុញសង្គមមួយឆ្ពោះទៅរកភាព «ស្អាត បៃតង និងចីរភាព»។ បងប្អូនប្រកបមុខរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាអាជីវករលក់ដូរតាមដងផ្លូវ និងអ្នកផ្តល់សេវាដឹកជញ្ជូន សុទ្ធសឹងជាតួអង្គយ៉ាងសំខាន់ដែលចូលរួមដោយផ្ទាល់ក្នុងការថែរក្សាសោភ័ណភាពទីក្រុង ការគ្រប់គ្រងសំណល់ប្រកបដោយអនាម័យ និងការចូលរួមចំណែកកាត់បន្ថយផលប៉ះពាល់បរិស្ថានក្នុងសហគមន៍។ ដូចនេះ ការគាំពារជីវភាពរស់នៅរបស់ពួកគាត់ គឺជាការរួមចំណែកដោយប្រយោលដល់ការលើកកម្ពស់សុខុមាលភាពបរិស្ថានសាធារណៈផងដែរ។