សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសទទួលរ៉ាប់រងក្នុងការព្យាបាលទាំងស្រុង ជំងឺខូចតម្រងនោមដំណាក់កាលចុងក្រោយ របស់អ្នកគ្រូ ម៉ូវ សុផាន់។ ដោយ នាយប់ថ្ងៃទី១៧ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងតាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួនថា «មានបងប្អូនអ្នកចិត្តបុណ្យជាច្រើនបានអំពាវនាវជួយដល់អ្នកគ្រូដែលកំពុងមានជំងឺដែលត្រូវការជំនួយជាចាំបាច់។ មុននេះបន្តិចខ្ញុំរកឃើញអ្នកជំងឺនេះហើយ តាមរយៈ ឯកឧត្តម សេង ទៀង។ ចាប់ពីពេលនេះទៅខ្ញុំទទួលរ៉ាប់រងក្នុងការព្យាបាលទាំងស្រុង»។

សម្តេចតេជោ មានប្រសាសន៍បន្តថា «ថ្ងៃស្អែក ឯកឧត្តម សេង ទៀង នឹងទៅជួបអ្នកគ្រូដើម្បីពិភាក្សារកដំណោះស្រាយដែលពេលនេះមានពន្លឺខ្លះហើយបន្ទាប់ពីបានពិភាក្សាជាមួយវេជ្ជបណ្ឌិត គង់ សន្យា ប្រធានមន្ទីរ
ពេទ្យកាល់ម៉ែត្រ»។
សូមជម្រាបថា ការប្រកាសជួយពីសម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីអ្នកគ្រូ ម៉ូវ សុផាន់ ដែលទើបប្រឡងជាប់គ្រូកិច្ចព្រមព្រៀង អាយុ២៦ឆ្នាំ បានលើកដៃម្រាមដប់ សំពះស្នើយ៉ាងទទូចនៅលើបណ្តាញសង្គម ដើម្បីផ្ញើសារទៅកាន់ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មេត្តាជួយឧបត្ថម្ភការព្យាបាលជំងឺខូចតម្រងនោមដំណាក់កាលចុងក្រោយ៕


