ស្ថានទូតកម្ពុជាប្រចាំនៅកូរ៉េ ចេញសេចក្តីបំភ្លឺករណីផ្លែស្វាយម៉ាក Romdoul និងការប្រើស្លាកសញ្ញាថា «ផលិតផលរបស់កម្ពុជា» នៅលើផ្លែស្វាយរបស់ថៃ

សង្គម​ និង​សេដ្ឋកិច្ច

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ បានចេញ​សេចក្តីបំភ្លឺ​ព័ត៌មានករណីប្រភពដើមរបស់ផ្លែស្វាយដែលមានម៉ាកយីហោ Romdoul និងការប្រើប្រាស់ស្លាកសញ្ញាបញ្ជាក់ថា ជាផលិតផលរបស់កម្ពុជា នៅលើផ្លែស្វាយរបស់ថៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីបំភ្លឺ​ព័ត៌មាន បានបញ្ជាក់ថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សូមជម្រាបសាធារណជន​ជ្រាបថា នៅពេលថ្មីៗនេះ ស្ថានឯកអគ្គរាជទូតបានសង្កេតឃើញមានការបង្ហោះសារជាអក្សរ និងជាវីដេអូ ដោយបានជជែកវែកញែកជាហូរហែ ពាក់ព័ន្ធនឹងប្រភពរបស់ផ្លែស្វាយដែលមានម៉ាកយីហោ Romdoul និងការប្រើប្រាស់ស្លាកសញ្ញាបញ្ជាក់ប្រភពដើមថាជាទំនិញរបស់កម្ពុជានៅលើផលិតផលថៃ។

ពាក់ព័ន្ធនឹងករណីនេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សូមធ្វើការបំភ្លឺដូចខាងក្រោម៖

១.ផ្លែស្វាយដែលមានម៉ាកយីហោ «Romdoul» (រំដួល) ដែលកំពុងត្រូវបានដាក់លក់នៅលើទីផ្សារកូរ៉េ គឺពិតជាមានប្រភពដើមមកពីកម្ពុជា ១០០% និងត្រូវបាននាំចូល និងចែកចាយដោយក្រុមហ៊ុន Hyundai Agro (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនលំដាប់អន្តរជាតិ Hyundai Corporation របស់សាធារណរដ្ឋកូរ៉េ ដែលបានបោះទុនវិនិយោគនៅប្រទេសកម្ពុជា។

២.ពាក់ព័ន្ធនឹងករណីប្រើប្រាស់ស្លាកសញ្ញាបញ្ជាក់ថាជាផលិតផលរបស់កម្ពុជា នៅលើផ្លែស្វាយរបស់ថៃ ស្ថានឯកអគ្គរាជទូត បានចាត់អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូត ដើម្បីស្រាវជ្រាវ និងបានទៅដល់ទីតាំង​ម៉ាត ដែលបានដាក់លក់ផលិតផលផ្លែស្វាយខាងលើ។ ជាលទ្ធផល ម្ចាស់ម៉ាតបានទទួលស្គាល់ថា កន្លងមក ពិតជាមានការច្រលំបិតស្លាកសញ្ញាថាជាផលិតផលរបស់កម្ពុជា នៅលើផ្លែស្វាយរបស់ថៃពិតប្រាកដមែន ប៉ុន្តែ​ត្រូវបានកែតម្រូវរួចរាល់ហើយ។ អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូត ក៏បានណែនាំ និងដាស់តឿនដល់ម្ចាស់ម៉ាត ឱ្យមានការប្រុងប្រយ័ត្ន និងជៀសវាងការក្លែងបន្លំប្រភពដើមថា ជាផលិតផលរបស់កម្ពុជា ដែលអាចឈានដល់ការ​ចាត់វិធានការតាមផ្លូវច្បាប់។

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សូមអំពាវនាវដល់អ្នកលក់ និងអ្នកចែកចាយទំនិញនានា សូមជៀសវាងការក្លែងបន្លំប្រភពដើមនៃទំនិញ ជាពិសេសការបន្លំថាជាផលិតផលរបស់កម្ពុជា ដែលអាចប្រឈម​នឹងការទទួលខុសត្រូវតាមផ្លូវច្បាប់ជាធរមាន។ ទន្ទឹមនេះ ក្នុងករណីបងប្អូនមានមន្ទិលសង្ស័យ ឬជួបប្រទះការក្លែងបន្លំប្រភពដើមនៃទំនិញ​ថាជាផលិតផល​របស់កម្ពុជា បងប្អូនអាចរាយការណ៍មកស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ តាមរយៈហ្វេសប៊ុកផ្លូវការ​របស់ស្ថានទូត ឬលេខទូរស័ព្ទ៖ 010-7558-8665 ដោយភ្ជាប់រូបភាព អាសយដ្ឋានហាងលក់ទំនិញ និងលេខ​ទូរស័ព្ទ​ហាងលក់ទំនិញ ដើម្បីស្ថានឯកអគ្គរាជទូតមានវិធានការបន្ត៕