វីដេអូរបស់បុរសខ្លាំង ពូទីន ដោះអាវធំដើរចូលឡាន នៅប្រទេសចិន កំពុងផ្ទុះល្បីពេញអ៊ីនធឺណិត

អន្តរជាតិ

សកម្មភាពរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ដោះអាវធំរបស់គាត់មុនពេលឡើងឡាន ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ប្រទេសចិន បានទាក់ទាញអ្នកចូលមើលរាប់លានដង និងចែករំលែកមតិយោបល់រាប់រយរាប់ពាន់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ពូទីន បានមកដល់ទីក្រុងប៉េកាំង នៅល្ងាចថ្ងៃទី១៩ ខែឧសភា ដោយចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោក។ មេដឹកនាំកំពូលរុស្ស៊ីរូបនេះ បានដោះអាវធំរបស់លោក មុនពេលឡើងឡានដឹកប្រធានាធិបតី នៅអាកាសយានដ្ឋាន។ នៅថ្ងៃទី២០ ខែឧសភា លោកបានធ្វើម្តងទៀតនូវសកម្មភាពបែបនេះ នៅពេលដែលលោកចេញដំណើរ បន្ទាប់ពីកិច្ចប្រជុំជាងបួនម៉ោងជាមួយលោកប្រធានាធិបតីចិន ស៊ី ជីនពីង នៅសាលប្រជុំប្រជាជន នៅទីក្រុងប៉េកាំង។

យោងតាមសារព័ត៌មានចិន នេះជាសកម្មភាពដ៏កម្រមួយ ពីព្រោះនៅក្នុងវប្បធម៌រុស្ស៊ី មនុស្សដោះអាវធំរបស់ពួកគេ លុះត្រាតែពួកគេនៅក្នុងផ្ទះ ឬក្នុងបរិយាកាសសុខស្រួលខ្លាំង។ យ៉ាងណាមិញ វីដេអូនេះបានទាក់ទាញអ្នកចូលមើលជាង ២,៥ លានដង រួមជាមួយនឹងការចូលចិត្ត និងការផ្តល់មតិយោបល់ផ្សេងៗគ្នា រាប់រយរាប់ពាន់។

យោងតាមឧបករណ៍សង្ខេបរបស់បណ្តាញសង្គម Weibo បានបង្ហាញថា មតិយោបល់ប្រហែល ៤៥% ជឿថាការដោះអាវធំរបស់លោក ពូទីន គឺបានបង្ហាញពីអាកប្បកិរិយារួសរាយរាក់ទាក់ ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ស៊ីជម្រៅរវាងចិន និងរុស្ស៊ី។ ហើយប្រហែល ៣៥% ផ្សេងទៀត បានចាត់ទុកថាវាជាប្រតិកម្មធម្មតា ដោយសារសីតុណ្ហភាពក្តៅនៅទីក្រុងប៉េកាំង នៅពេលនោះ ខណៈអ្នកដែលនៅសល់ផ្សេងទៀត បានជជែកវែកញែកថា សកម្មភាពនេះមិនគួរត្រូវបានយកវិភាគ ឬសន្មតដោយផ្តោតលើន័យនយោបាយច្រើនពេកនោះឡើយ។

គួរជម្រាបជូនផងដែរថា ដំណើរទស្សនកិច្ចនៅថ្ងៃទី១៩-២០ ខែឧសភាកន្លងទៅនេះ គឺជាលើកទីពីរហើយដែលលោ កពូទីន បានជួបជាមួយលោក ស៊ី ជីនពីង ក្នុងរយៈពេលមួយឆ្នាំ បន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃរបស់មេដឹកនាំរុស្ស៊ី មកកាន់ប្រទេសចិន កាលពីចុងខែសីហា ឆ្នាំ២០២៥។ ក្នុងអំឡុងពេលនៃកិច្ចពិភាក្សា លោក ពូទីន បានសរសើរទំនាក់ទំនងរុស្ស៊ី-ចិនថាស្ថិតក្នុងកម្រិតខ្ពស់មិនធ្លាប់មានពីមុនមក៕​