នាយកស៊ើបការណ៍សម្ងាត់អាមេរិក ប្រកាសចុះចេញពីតំណែង ដើម្បីទៅមើលថែជំងឺស្វាមី

អន្តរជាតិ

លោកស្រី Tulsi Gabbard ប្រកាសលាលែងចេញពីតំណែងជានាយកស៊ើបការណ៍សម្ងាត់ជាតិរបស់សហរដ្ឋអាមេរិក ដើម្បីទៅមើលថែស្វាមីរបស់លោកស្រី ដែលទើបត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺមហារីកឆ្អឹង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី Gabbard បានសរសេរនៅលើបណ្តាញសង្គមថា ៖​”ខ្ញុំត្រូវតែដាក់ពាក្យលាលែងពីតំណែង ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី៣០ ខែមិថុនា។ ស្វាមីរបស់ខ្ញុំ Abraham ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកឆ្អឹងដ៏កម្រមួយ។ គាត់នឹងប្រឈមមុខនឹងបញ្ហាប្រឈមដ៏ធំនៅខាងមុខ។ នៅពេលនេះ ខ្ញុំត្រូវចាកចេញពីការបម្រើប្រជាជន ដើម្បីនៅក្បែរគាត់ និងគាំទ្រគាត់ក្នុងសមរភូមិនេះ”។

ទន្ទឹមនឹងនោះលោកស្រី ក៏បានបង្ហោះរូបថតលិខិតលាលែងពីតំណែងរបស់លោកស្រីទៅកាន់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ផងដែរ។ នៅក្នុងលិខិតនោះ លោកស្រី Gabbard បានថ្លែងអំណរគុណដល់សេតវិមានចំពោះការជឿទុកចិត្តមកលើលោកស្រី និងសម្រាប់ការផ្តល់ឱកាសឱ្យលោកស្រីដឹកនាំការិយាល័យ DNI អស់រយៈពេលមួយឆ្នាំកន្លះកន្លងមក។

ថ្នាក់ដឹកនាំ​អាមេរិក​បាន​ប្រកាស​ថា អនុប្រធាន​ផ្នែក​ស៊ើបការណ៍​សម្ងាត់​ជាតិ លោក Aaron Lukas នឹង​បម្រើការ​ជា​នាយក​ស្តីទី​នៅ​ពេល​ដែលលោកស្រី Gabbard ចាកចេញ។ លោក Lukas គឺជា​អតីត​មន្ត្រី និង​ជា​អ្នកវិភាគ​សម្រាប់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​កណ្តាល (CIA) និង​ធ្លាប់បាន​បម្រើការ​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​ក្រោម​អាណត្តិ​ដំបូង​របស់​លោក ត្រាំ៕​