លោកស្រី Tulsi Gabbard ប្រកាសលាលែងចេញពីតំណែងជានាយកស៊ើបការណ៍សម្ងាត់ជាតិរបស់សហរដ្ឋអាមេរិក ដើម្បីទៅមើលថែស្វាមីរបស់លោកស្រី ដែលទើបត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺមហារីកឆ្អឹង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោកស្រី Gabbard បានសរសេរនៅលើបណ្តាញសង្គមថា ៖”ខ្ញុំត្រូវតែដាក់ពាក្យលាលែងពីតំណែង ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី៣០ ខែមិថុនា។ ស្វាមីរបស់ខ្ញុំ Abraham ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកឆ្អឹងដ៏កម្រមួយ។ គាត់នឹងប្រឈមមុខនឹងបញ្ហាប្រឈមដ៏ធំនៅខាងមុខ។ នៅពេលនេះ ខ្ញុំត្រូវចាកចេញពីការបម្រើប្រជាជន ដើម្បីនៅក្បែរគាត់ និងគាំទ្រគាត់ក្នុងសមរភូមិនេះ”។
ទន្ទឹមនឹងនោះលោកស្រី ក៏បានបង្ហោះរូបថតលិខិតលាលែងពីតំណែងរបស់លោកស្រីទៅកាន់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ផងដែរ។ នៅក្នុងលិខិតនោះ លោកស្រី Gabbard បានថ្លែងអំណរគុណដល់សេតវិមានចំពោះការជឿទុកចិត្តមកលើលោកស្រី និងសម្រាប់ការផ្តល់ឱកាសឱ្យលោកស្រីដឹកនាំការិយាល័យ DNI អស់រយៈពេលមួយឆ្នាំកន្លះកន្លងមក។
ថ្នាក់ដឹកនាំអាមេរិកបានប្រកាសថា អនុប្រធានផ្នែកស៊ើបការណ៍សម្ងាត់ជាតិ លោក Aaron Lukas នឹងបម្រើការជានាយកស្តីទីនៅពេលដែលលោកស្រី Gabbard ចាកចេញ។ លោក Lukas គឺជាអតីតមន្ត្រី និងជាអ្នកវិភាគសម្រាប់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល (CIA) និងធ្លាប់បានបម្រើការនៅក្រុមប្រឹក្សាសន្តិសុខជាតិក្រោមអាណត្តិដំបូងរបស់លោក ត្រាំ៕

