លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ប្រាប់ប្រធាន និងតំណាងបេសកកម្មការទូត និងអង្គការអន្តរជាតិ ប្រចាំព្រះរាជាណាចក្រកម្ពុជាថា សកម្មភាពរបស់ថៃ នៅតំបន់បណ្ដុំប្រាសាទតាមាន់ ប្រាសាទតាក្របី និងប្រាសាទខ្នារ ចាប់តាំងពីបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មក គឺជាការទាមទារអធិបតេយ្យដោយខុសច្បាប់របស់ថៃ។

នៅក្នុងឱកាសធ្វើបទបង្ហាញជូនអង្គទូតស្ដីពីស្ថានភាពតំបន់វប្បធម៌កម្ពុជា តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ
កាលពីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២៦, លោកស្រី ភឿង សកុណាបានគូសបញ្ជាក់ពីការបំផ្លិចបំផ្លាញយ៉ាងធំធេង ចំពោះប្រាសាទព្រះវិហារ ដែលជាតំបន់បេតិកភណ្ឌពិភពលោកចុះបញ្ជីក្នុងអង្គការយូណេស្កូ ក៏ដូចជាចំពោះ បូជនីយដ្ឋានវប្បធម៌ដទៃទៀត ដែលមានតម្លៃលេចធ្លោជាសកល។
លោកស្រីក៏បានសង្កត់ធ្ងន់ថា សកម្មភាពរបស់ថៃនៅតំបន់បណ្ដុំប្រាសាទតាមាន់ ប្រាសាទតាក្របី និងប្រាសាទខ្នារ ចាប់តាំងពីបទឈប់បាញ់កាលពី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មក គឺជាការទាមទារអធិបតេយ្យដោយខុសច្បាប់របស់ថៃ។ សកម្មភាពទាំងនេះ រួមមានការរៀបចំពិធីសាសនា ការទៅទស្សនាទីតាំងដោយសមាជិកគណៈរដ្ឋមន្ត្រីថៃ សកម្មភាពជួសជុលដោយគ្មានការអនុញ្ញាត ការដាក់បញ្ចូលប្រាសាទទាំងនោះទៅក្នុងបញ្ជីសារពើភណ្ឌបេតិកភណ្ឌជាតិរបស់ថៃ និងការ សាងសង់សំណង់អចិន្ត្រៃយ៍ជាច្រើនទៀត ដូចជាការកសាងព្រះពុទ្ធបដិមាធំៗជាដើម ។
ជុំវិញសកម្មភាពទាំងអស់នេះ លោកស្រីរដ្ឋមន្រ្ដីក្រសួងវប្បធម៌បានបញ្ជាក់ប្រាប់ទូតថា កម្ពុជាបានដាក់កំណត់ទូតតវ៉ា ជាច្រើន ហើយនឹងបន្តប្រឆាំងដាច់ខាតចំពោះសកម្មភាពខុសច្បាប់បែបនេះរបស់ថៃ ដែលប៉ុនប៉ងបង្កើតស្ថានភាព លើដីជាក់ស្ដែង និងព្យាយាមជំរុញការទាមទារដែលពុំមានមូលដ្ឋានទាំងអង្គហេតុនិងអង្គច្បាប់ ចំពោះ បេតិកភណ្ឌវប្បធម៌ខ្មែរ៕

