អាមេរិក គ្រោងចេញក្រដាសប្រាក់ ២៥០ដុល្លារ ដែលមានរូបរបស់លោក ដូណាល់ ត្រាំ

អន្តរជាតិ

រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent បានបញ្ជាក់ថា ទីភ្នាក់ងាររបស់លោក កំពុងរៀបចំរចនាក្រដាសប្រាក់ ២៥០ដុល្លារ ដែលមានរូបភាពរបស់ប្រធានាធិបតីអាមរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CBS។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Bessent បាននិយាយនៅថ្ងៃទី២៨ ឧសភាថា លោកបានរៀបចំសេចក្តីព្រាងច្បាប់មួយដើម្បីរៀបចំសម្រាប់ការចេញក្រដាសប្រាក់ថ្មី ដែលមានរូបភាពរបស់ លោក ត្រាំ ដើម្បីដាក់ជូនសភាសម្រាប់អនុម័ត។

យោងតាមអ្នកនាំពាក្យរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិកពីមុនបានបញ្ជាក់ថា ទីភ្នាក់ងារនេះ មានគម្រោងចេញក្រដាសប្រាក់ ២៥០ដុល្លារថ្មីនេះ ដើម្បីជាការរំលឹកខួបលើកទី ២៥០ នៃទិវាឯករាជ្យជាតិ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនោះ ហាក់មិនបានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ នឹងមានរូបភាពរបស់លោក ត្រាំ នៅលើក្រដាសប្រាក់ ឬអត់នោះឡើយ។

គួរឲ្យដឹងថា ក្នុងរយៈពេលកន្លងមក លោក ត្រាំ ក៏បានស្វែងរកការបោះពុម្ពឈ្មោះ ឬរូបភាពរបស់លោកលើរូបិយប័ណ្ណប្រភេទផ្សេងៗ ផងដែរ។ ក្រសួងរតនាគារសហរដ្ឋអាមេរិកបានប្រកាសកាលពីខែមីនាថា រូបិយប័ណ្ណនាពេលអនាគតនឹងមានហត្ថលេខារបស់លោក ត្រាំ ថែមទៀតផង។

ជម្រាបជូនថា កាលពីខែតុលា ឆ្នាំមុន ក្រសួងរតនាគារសហរដ្ឋអាមេរិក ក៏បានប្រកាសផងដែរថា ខ្លួនកំពុងសិក្សាពីលទ្ធភាពនៃការចេញកាក់ ១ដុល្លារ ដែលមានរូបលោក ត្រាំ ដើម្បីរំលឹកខួបលើកទី២៥០ នៃទិវាឯករាជ្យរបស់សហរដ្ឋអាមេរិក នៅថ្ងៃទី៤ ខែកក្កដាខាងមុខ៕​