សម្ដេចធិបតី អំពាវនាវដល់ពលរដ្ឋកុំព្រួយបារម្ភថា រដ្ឋាភិបាលកាត់បន្ថយចំណាយលើវិស័យអប់រំ និងសុខាភិបាលមកបំពេញលើវិស័យការពារជាតិ។

នេះបើយោងតាមប្រសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី “សម្ពោធអគារកម្ពស់៣ជាន់ សមិទ្ធផលនានា និងប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន និងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់គរុសិស្ស គរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា” រាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ ទី៣ មិថុនា ២០២៦។
នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ មានសារព័ត៌មានមួយចំនួនធ្វើការផ្សព្វផ្សាយខុសលើកឡើងថា រាជរដ្ឋាភិបាលនឹងធ្វើការកាត់ចំណាយទៅលើវិស័យអាទិភាពមួយចំនួនដូចជាវិស័យអប់រំ និងវិស័យសុខាភិបាល។ សម្ដេចបញ្ជាក់ថា ការផ្សាយនេះគឺមិនត្រឹមត្រូវទេ ទោះបីរាជរដ្ឋាភិបាលបង្កើនចំណាយលើទៅលើវិស័យការពារជាតិក៏ដោយ ក៏វិស័យសុខាភិបាល និងវិស័យអប់រំ មិនត្រូវបានកាត់បន្ថយដែរ គឺមានតែបង្កើនបន្ថែម ខណៈមនុស្សគឺជាវិស័យអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល។
ទន្ទឹមគ្នានេះ សម្តេចធិបតី បានអំពាវនាវដល់ពលរដ្ឋកុំព្រួយបារម្ភ ខណៈរាជរដ្ឋាភិបាលនៅតែគិតគូរអាទិភាពធំបំផុតចំពោះវិស័យសង្គមកិច្ច អប់រំ និងសុខាភិបាល ហើយពិដានគោលនៃការចំណាយថវិកាជាតិមិនមានការកាត់បន្ថយនោះទេ គឺមានតែការកើនឡើង។
បើតាមសម្តេចធិបតី បានបញ្ជាក់ទៀតថា ពិដានគោលនៃការចំណាយថវិកាជាតិចាប់ពីឆ្នាំ២០២៧-២០២៩ គឺបន្តកើនឡើង ខណៈពិដានគោលដែលរាជរដ្ឋាភិបាលយកទៅចរចាក្នុងការចំណាយថវិកាជាតិឆ្នាំ២០២៦ សម្រាប់វិស័យអប់រំមានចំនួន ៤៤៥៧ ប៊ីលានរៀល ហើយបានចរចាចេញជាច្បាប់ថវិកាបានចំនួន ៤៤៧៤ ប៊ីលានរៀល មានកើនឡើងបន្ដិច។ ចំណែកពិដានគោលសម្រាប់ការចរចាក្នុងឆ្នាំ២០២៧ សម្រាប់វិស័យអប់រំ មានចំនួន ៤៦៨៤ ប៊ីលានរៀល កើនឡើង ២៣១ ប៊ីលានរៀល ដែលនេះជាការចាប់ផ្ដើមចរចា ដូច្នេះនៅពេលចេញលទ្ធផលអាចមានការកើនឡើងលើសឆ្នាំ២០២៦ថែមទៀត៕ អត្ថបទ៖ហ្សាលីន

