ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានស្នើឲ្យមានការដាក់ពន្ធរហូតដល់ ២៥% លើការនាំចូលទំនិញពីប្រេស៊ីល ដោយចោទប្រកាន់ប្រទេសនេះថាបានចូលរួមនៅក្នុងការអនុវត្តពាណិជ្ជកម្មដោយមិនសមហេតុផល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

ជុំវិញការប្រកាសនេះបានកើតឡើង នៅថ្ងៃទី១ ខែមិថុនា បន្ទាប់ពីមានការស៊ើបអង្កេតដោយការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ដែលបានចោទប្រកាន់ប្រេស៊ីលថាបានចូលរួមក្នុងការអនុវត្តពាណិជ្ជកម្ម “មិនសមហេតុផល” ដែល “ដាក់បន្ទុក ឬរឹតត្បិតពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក”។
ពីមុន រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឲ្យមានការពិនិត្យលើមាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ១៩៧៤ ដើម្បីចាប់ផ្តើមបើកការស៊ើបអង្កេតលើការអនុវត្តពាណិជ្ជកម្មរបស់ប្រេស៊ីល ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុត១០ របស់ពិភពលោក។
យ៉ាងណាមិញ លោក Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បាននិយាយថា លោក និងលោកប្រធានាធិបតី ដូណាល់ ត្រាំ បានពិភាក្សាប្រកបដោយស្ថាបនាមួយ ជាមួយលោកប្រធានាធិបតីប្រេស៊ីល លោក Lula da Silva ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ វាហាក់នៅមិនទាន់មានភាពចុះសម្រុងគ្នានៅឡើយ ក្នុងការដោះស្រាយបញ្ហាដែលបានកំណត់ នៅក្នុងការស៊ើបអង្កេតពាក់ពន្ធលើពាណិជ្ជកម្មទាំងនេះ។
ទន្ទឹមនឹងនេះ លោក Lula បានអះអាងថា ជុំវិញការប្រកាសដំឡើងពន្ធរបស់សហរដ្ឋអាមេរិកនេះ បានកើតឡើង បន្ទាប់ពីដំណើរទស្សនកិច្ចរបស់សមាជិកព្រឹទ្ធសភា លោក Flavio Bolsonaro ទៅកាន់ទីក្រុងវ៉ាស៊ីនតោនកាលពីសប្តាហ៍មុន។
លោក Flavio Bolsonaro គឺជាកូនប្រុសរបស់អតីតប្រធានាធិបតី Jair Bolsonaro ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក ត្រាំ ហើយលោកនឹងប្រកួតប្រជែងជាមួយប្រធានាធិបតីប្រេស៊ីលបច្ចុប្បន្ន នៅក្នុងការបោះឆ្នោតនាខែតុលាខាងមុខ៕

