ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីកញ្ចប់ជំនួយចំនួន ៧០០លានដុល្លារ ដើម្បីជួយសង្គ្រោះឧស្សាហកម្មធ្យូងថ្មឡើងវិញ ដែលថវិកាភាគច្រើនត្រូវបានប្រើប្រាស់នៅក្រោមច្បាប់អំណាចបន្ទាន់របស់ប្រធានាធិបតីសម័យសង្គ្រាមត្រជាក់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅថ្ងៃទី៤ មិថុនា លោក ត្រាំ បានប្រកាសពីការចំណាយទឹកប្រាក់យ៉ាងច្រើន ដើម្បីគាំទ្ររោងចក្រថាមពលដើរដោយធ្យូងថ្មចំនួន ១៤ និងអណ្តូងរ៉ែធ្យូងថ្មចំនួន ៤២។ ការចំណាយភាគច្រើនត្រូវបានលោក ត្រាំ សន្មតថាជាច្បាប់ផលិតកម្មការពារជាតិឆ្នាំ១៩៥០ ដែលជាច្បាប់ផ្តល់អំណាចបន្ទាន់ដល់ប្រធានាធិបតីលើឧស្សាហកម្មទាក់ទងនឹងសន្តិសុខជាតិ។
មិនតែប៉ុណ្ណោះ កញ្ចប់ជំនួយនេះរួមបញ្ចូលទាំងទឹកប្រាក់ចំនួន ៤២៥លានដុល្លារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវរោងចក្រថាមពលដើរដោយធ្យូងថ្មចំនួន ១៣ និង ៧៥លានដុល្លារ ផ្សេងទៀត ដើម្បីគាំទ្រកំពង់ផែនាំចេញធ្យូងថ្មនៅរដ្ឋ California។
គួរជម្រាបជូនថា រដ្ឋាភិបាលសហរដ្ឋអាមេរិក មើលឃើញគោលនយោបាយថាមពលជាបញ្ហាសន្តិសុខជាតិ ដោយមានគោលបំណងធានាអគ្គិសនីសម្រាប់ផ្គត់ផ្គង់ទៅលើមជ្ឈមណ្ឌលផ្ទុកទិន្នន័យ។ នៅក្នុងព្រឹត្តិការណ៍មួយនៅក្នុងការិយាល័យ Oval លោក ត្រាំ រួមជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Doug Burgum និងរដ្ឋមន្ត្រីក្រសួងថាមពល លោក Chris Wright បាននិយាយថាធ្យូងថ្ម នឹងជួយកាត់បន្ថយការចំណាយលើការរស់នៅសម្រាប់ជនជាតិអាមេរិកទាំងអស់៕

