អន្តរក្រសួង រួមគ្នាជំរុញលើការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (IDP)

សង្គម​ និង​សេដ្ឋកិច្ច

លោក ស៊ុន​ ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) កាលថ្ងៃទី៤ ខែមិថុនា​ ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងពិនិត្យពិភាក្សាលើ សេចក្តីព្រាងរបាយការណ៍វាយតម្លៃចុងអាណត្តិ នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP)។ កិច្ចប្រជុំនារសៀលនេះមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សរុបប្រមាណជិត ១០០នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងបរិការណ៍ដែលការអនុវត្តគោលនយោបាយ IDP ឈានមកដល់ទីបញ្ចប់នៃអាណត្តិ ១០ឆ្នាំ (២០១៥-២០២៥) ការរៀបចំរបាយការណ៍វាយតម្លៃចុងអាណត្តិពិតជាមានសារៈសំខាន់ ដោយផ្តោតសំខាន់ទៅលើគោលបំណងចម្បងៗមួយចំនួនដូច៖​១. ការផ្ទៀងផ្ទាត់សមិទ្ធផលធៀបនឹងសូចនាករគោលដៅ, ២. ការវិភាគលើភាពធន់ និងការឆ្លើយតបនឹងវិបត្តិ, ៣. ការវាយតម្លៃលើយន្តការសម្របសម្រួលគោលនយោបាយ, និង ៤. ការកំណត់ធាតុចូលសម្រាប់ដំណាក់កាលបន្ទាប់ តាមរយៈការដកស្រង់នូវមេរៀន បទពិសោធន៍ និងបញ្ហាប្រឈមគន្លឹះៗ ដើម្បីផ្តល់ជាអនុសាសន៍សម្រាប់ការរៀបចំក្របខណ្ឌគោលនយោបាយ IDP ដំណាក់កាលបន្ទាប់ ឱ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងទស្សនវិស័យអនាគតសម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា។

នាឱកាសនោះ លោក ស៊ុន ចាន់ថុល បានថ្លែងអរគុណភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការប្រមូល ចងក្រង និងវិភាគទិន្នន័យយ៉ាងម៉ត់ចត់ ដើម្បីរៀបចំជាសេចក្តីព្រាងរបាយការណ៍វាយតម្លៃចុងអាណត្តិនៃការអនុវត្តគោលនយោបាយ IDP នេះឡើង។ លោក បន្តថា ការធ្វើពិពិធកម្មសេដ្ឋកិច្ចមិនត្រឹមតែជាការកាត់បន្ថយការពឹងផ្អែកលើវិស័យប្រពៃណីមួយចំនួនប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាគន្លឹះដ៏សំខាន់ក្នុងការបង្កើតចលករកំណើនថ្មី សំដៅជួយបង្កើនភាពធន់នៃសេដ្ឋកិច្ចជាតិចំពោះបម្រែបម្រួល និងវិបត្តិនានានៅលើសកលលោក ព្រមទាំងធានាបាននូវការអភិវឌ្ឍប្រកបដោយចិរភាព បរិយាបន្ន។

គួររម្លឹកដែរថា៖ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ គឺជា «យុទ្ធសាស្ត្រកំណើនថ្មី» ឬមគ្គុទ្ទេសក៍ជាតិដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញក្នុងគោលបំណងកែទម្រង់រចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញ និងនវានុវត្តន៍ តាមរយៈការតភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃសកល ការចាប់យកបច្ចេកវិទ្យាខ្ពស់ និងការបង្កើនភាពប្រកួតប្រជែង៕ អត្ថបទ៖ហ្សាលីន