មហាសេដ្ឋីលំដាប់កំពូលអូស្ត្រាលី គ្រោងចាយលុយ ២១ពាន់លានដុល្លារ សង់មជ្ឈមណ្ឌទិន្នន័យនៅឥណ្ឌា

អន្តរជាតិ

ក្រុមហ៊ុន AirTrunk ដែលជាក្រុមហ៊ុនមជ្ឈមណ្ឌលទិន្នន័យ បង្កើតឡើងដោយមហាសេដ្ឋីអូស្ត្រាលី Robin Khuda កំពុងបង្ហាញផែនការអភិវឌ្ឍគម្រោងមជ្ឈមណ្ឌលទិន្នន័យទំហំបីជីហ្គាវ៉ាត់នៅ Maharashtra ដែលជារដ្ឋមួយនៅភាគខាងលិចនៃប្រទេសឥណ្ឌា ជាមួយទុនវិនិយោគសរុបចំនួន ២ពាន់ពាន់លានរូពីឥណ្ឌា (២១ពាន់លានដុល្លារអាមេរិក)។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងនេះត្រូវបានប្រកាសនៅលើបណ្តាញសង្គម X ដោយលោក Devendra Fadnavis នាយករដ្ឋមន្រ្តីរដ្ឋMaharashtra បន្ទាប់ពីភាគីទាំងពីរបានចុះហត្ថលេខាលើលិខិតចេតនាសម្រាប់ការទិញដីនៅ Raigad ដែលជាស្រុកមួយនៅជាយក្រុងនៃមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌាគឺ Mumbai។

លោក Fadnavis បាននិយាយនៅក្នុងប្រកាសរបស់ខ្លួនថា ៖”យើងបានផ្លាស់ប្តូរលិខិតចេតនាសម្រាប់ការបែងចែកដីនៅមជ្ឈមណ្ឌលលូតលាស់ Raigad Pen (Orange City) សម្រាប់មជ្ឈមណ្ឌលទិន្នន័យនាពេលខាងមុខរបស់ AirTrunk ជាមួយការវិនិយោគដ៏ធំសម្បើមចំនួន ២ពាន់ពាន់លានរូពីឥណ្ឌា ដែលមានសមត្ថភាព ៣ ជីហ្គាវ៉ាត់”។

គួរឲ្យដឹងថា ដោយមានមូលដ្ឋាននៅទីក្រុងស៊ីដនី ក្រុមហ៊ុន AirTrunk បាននិងកំពុងពង្រីកវត្តមានរបស់ខ្លួននៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាមួយនឹងប្រតិបត្តិការនៅក្នុងប្រទេសអូស្ត្រាលី ហុងកុង ឥណ្ឌា ជប៉ុន ម៉ាឡេស៊ី និងសិង្ហបុរី។ យោងតាម Forbes ក្រុមហ៊ុន AirTrunk ពីមុនក៏បានប្រកាសពីការវិនិយោគចំនួន ៣ពាន់លានដុល្លារនៅក្នុងមជ្ឈមណ្ឌលទិន្នន័យចំនួនពីរ នៅក្នុងប្រទេសម៉ាឡេស៊ីផងដែរ។

ជម្រាបជូនថា ក្រុមហ៊ុន AirTrunk បង្កើតឡើងដំបូងក្នុងឆ្នាំ២០១៥ ដោយលោក Robin Khuda ដែលមានដំណើតនៅក្នុងប្រទេសបង់ក្លាដែស បច្ចុប្បន្នលោក ត្រូវបាន Forbes ប៉ាន់ប្រមាណថាមានទ្រព្យសម្បត្តិសរុបប្រមាណ ២,១ពាន់លានដុល្លារ ដែលធ្វើឲ្យលោកស្ថិតក្នុងចំណោមអ្នកមានបំផុតរបស់ប្រទេសអូស្ត្រាលី៕​