កម្ពុជា-ជប៉ុន ប្តេជ្ញារួមគ្នាពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគឯកជនរវាងប្រទេសទាំងពីរបន្ថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងក្រុមប្រឹក្សាផ្លាស់ប្តូរមិត្តភាពអន្តរជាតិ (FEC)របស់ជប៉ុន បានប្តេជ្ញារួមគ្នាថា នឹងខិតខំពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគឯកជនរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងបន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងជំនួបទទួលទានអាហារពេលកាលថ្ងៃ ទី១០ ខែមិថុនា ឆ្នាំ២០២៦  នៃការបំពេញបេសកកម្មគោះទ្វារទាក់ទាញនិងជំរុញវិនិយោគនៅលើទឹកដីនៃប្រទេសជប៉ុន ដឹកនាំដោយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជួបលោក Ken Matsuzawa ប្រធានក្រុមប្រឹក្សាផ្លាស់ប្តូរមិត្តភាពអន្តរជាតិ (FEC)។

ជំនួបនេះ ក៏មានការចូលរួម ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជា ប្រចាំប្រទេសជប៉ុន, ថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធពី ក.អ.ក. និង​ក្រសួងពាណិជ្ជកម្ម ព្រមទាំងវិស័យឯកជនពីប្រទេសកម្ពុជារួមមាន តំណាងសមាគមឧកញ៉ាកម្ពុជា និងតំណាងសភាពាណិជ្ជកម្មកម្ពុជាផងដែរ។

ពិធីជួបជុំនេះដែរ ត្រូវបានប្រារព្ធឡើងក្នុងបរិយាកាសដ៏ស្និទ្ធស្នាល និងពោរពេញដោយស្មារតីមិត្តភាពអន្តរជាតិ ឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា និង FEC ដែលជាស្ថាប័នប្រមូលផ្តុំដោយធុរជនធំៗរបស់ជប៉ុន និងឥស្សរជននយោបាយ។ កម្មវិធីនេះ មិនត្រឹមតែជាការចាប់ផ្តើមដ៏វិជ្ជមានសម្រាប់របៀបវារៈការងារ នាថ្ងៃទីពីរនៃបេសកកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបើកឱកាសដ៏ទូលំទូលាយក្នុងការកសាងបណ្តាញទំនាក់ទំនង បង្កើនទំនុកចិត្ត និងពង្រឹងស្មារតីសហប្រតិបត្តិការជិតស្និទ្ធ រវាងភាគីទាំងពីរ កម្ពុជា-ជប៉ុន ឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។

តាមរយៈពិធីខាងលើនេះ តំណាងវិស័យឯកជននៃប្រទេសជប៉ុន និងតំណាងវិស័យឯកជនពីកម្ពុជា ក៏បានផ្លាស់ប្តូរព័ត៌មាន ស្វែងយល់ពីសក្តានុពលវិនិយោគទៅវិញទៅមក ក៏ដូចជាការស្វែងរកកាលានុវត្តភាពក្នុងគោលដៅជំរុញការចាប់ដៃគូសហការធុរកិច្ចរួមគ្នា សំដៅពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគឯកជនរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀត៕ អត្ថបទ៖ហ្សាលីន