ក្រសួងសារធាណការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំពិភាក្សាជាមួយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដើម្បីរួមគ្នាជំរុញលើការតភ្ជាប់រវាងច្រកព្រំដែនអន្ដរជាតិម៉ឺនជ័យ-តឹនណាម។

កិច្ចប្រជុំនេះ ដឹកនាំដោយលោក ជា ជុន អនុរដ្ឋលេខាធិការ និងជានាយករងគម្រោង ជាមួយ លោក Thomas Herrero Project Team Leader នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) កាលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីអគ្គនាយកសាធារណការ និងជាប្រធានគ្រប់គ្រងគម្រោង តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ តំណាងក្រសួងមហាផ្ទៃ និងសមាជិក-សមាជិកានៃគម្រោង។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងពិភាក្សាអំពីសារៈសំខាន់នៃច្រកអន្ដរជាតិម៉ឺនជ័យ-តឹនណាម ដែលជាច្រកព្រំដែនសន្ដិភាព និងមានសារៈសំខាន់សម្រាប់ការតភ្ជាប់សេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតវៀតណាម ដែលជាកត្ដាបង្ហាញឱ្យឃើញច្បាស់ពីតម្រូវការក្នុងការអនុវត្តគម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ៨ នេះ ក្នុងគោលបំណងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឆ្លងកាត់ព្រំដែន។
សូមជម្រាបដែរថា គម្រោងតភ្ជាប់រវាងច្រកព្រំដែនអន្ដរជាតិម៉ឺនជ័យ-តឹនណាម គឺស្ថិតក្រោមគម្រោងសាងសង់ផ្លូវជាតិលេ៨ ពីស្ពានព្រែកតាមាក់-ពញាក្រែក (ប្រសព្វផ្លូវជាតិលេខ៧) និងផ្លូវខ្នែងលេខ៨៨ ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)៕អត្ថបទ៖ហ្សាលីន



