ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មិនថាអ្នកមាន ឬអ្នកក្រ ឪពុកម្ដាយទាំងអស់ គឺចង់ឱ្យកូនបានរៀនសូត្របានខ្ពង់ខ្ពស់ ខណៈសម្តេចថា ការសិក្សាខ្លាំងពូកែ មិនចំណុះលើជីវភាពគ្រួសារអ្នកមានឬអ្នកក្រនោះឡើយ។

នេះបើយោងតាមប្រសាសន៍របស់សម្តេច នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធអគារអន្តេវាសិកដ្ឋានតេជោសន្តិភាព និងសមិទ្ធផលនានានៅវត្តស្វាយពពែ រាជធានីភ្នំពេញ។
នាឱកាសនោះ សម្តេចថា ប្រទេសជាតិមួយអាចកសាងរីកចម្រើនទៅបាន គឺត្រូវមានមូលធនមនុស្សរឹងមាំ ដូច្នេះការកសាងមូលធនមនុស្សនេះ ត្រូវបានចាត់ទុកជាកត្តាដ៏សំខាន់ក្នុងការកំណត់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមកម្ពុជានាពេលអនាគត។
ជាមួយគ្នានេះ សម្ដេចធិបតីថា មិនថាអ្នកមាន ឬអ្នកក្រ ឪពុកម្ដាយទាំងអស់ គឺចង់ឱ្យកូនបានរៀនសូត្របានខ្ពង់ខ្ពស់ពីព្រោះមានតែចំណេះវិជ្ជាទេដែលអាចជួយខ្លួនឯង គ្រួសារ និងសង្គមជាតិ ហើយការសិក្សាមួយដែលខ្លាំងពូកែ ក៏មិនបានចំណុះលើជីវភាពគ្រួសារដែរ។ជាក់ស្តែង សម្តេចបានលើកឧទាហរណ៍សិស្សពូកែគណិតវិទ្យានៅខេត្តព្រៃវែង មានឪពុករត់ម៉ូតូកង់បី ម្តាយជាអ្នកលាងចាន តែរៀនរហូតបានជាសិស្សពូកែគណិតវិទ្យានៅទូទាំងប្រទេស។
ជាថ្មីម្តងទៀត សម្ដេចធិបតី នាយករដ្ឋមន្រ្ដីអះអាងថា ការរៀនសូត្រមិនមែនទទួលត្រឹមចំណេះដឹងនោះទេ ប៉ុន្ដែកត្តាធំបំផុតគឺការជឿជាក់លើខ្លួនឯង។ យើងរៀនជំនាញបច្ចេកទេស គឺជាជំនាញរឹង ប៉ុន្ដែចរិយាធម៌ សីលធម៌ គុណធម៌ គឺជាកត្តាសំខាន់ក្នុងការទទួលបានជំនាញទន់ អាចឱ្យសិស្ស និស្សិតធ្វើការនៅក្នុងសង្គមបានល្អជាមួយអ្នកដទៃថែមទៀតផងដែរ៕ អត្ថបទ៖ ហ្សាលីន

