យោងតាមមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បាននិយាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានយល់ព្រមបញ្ចេញទ្រព្យបង្កកចំនួនជាង ២៤ពាន់លានដុល្លារ ទៅឲ្យអ៊ីរ៉ង់វិញ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាពរវាងភាគីទាំងពីរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Middle East Monitor។

យោងតាមលោក Mohsen Rezaei ទីប្រឹក្សាជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ បានធ្វើការកត់សម្គាល់បែបនេះ ក្នុងអំឡុងពេលពិធីរំលឹកវិញ្ញាណក្ខន្ធមួយនៅទីក្រុង Dezful ភាគនិរតីប្រទេសអ៊ីរ៉ង់ កាលពីចុងសប្តាហ៍មុន។
ទីភ្នាក់ងារសារព័ត៌មាន Mehr របស់អ៊ីរ៉ង់ ដោយដកស្រង់ប្រភពដែលជិតស្និទ្ធនឹងក្រុមចរចារបស់អ៊ីរ៉ង់ បានបង្ហាញឲ្យដឹងទៀតថា កិច្ចព្រមព្រៀងមួយនឹងអនុញ្ញាតឲ្យការបញ្ចេញមូលនិធិដែលត្រូវបានបង្កកចំនួន ២៤ពាន់លានដុល្លាររបស់អ៊ីរ៉ង់ ក្នុងអំឡុងពេលចរចាចុងក្រោយរយៈពេល ៦០ថ្ងៃ។
ប្រភពដដែលនេះ បានបន្ថែមទៀតថា ពាក់កណ្តាលនៃចំនួនទឹកប្រាក់ទាំងនោះនឹងត្រូវបានផ្តល់ជូនទៅកាន់អ៊ីរ៉ង់ នៅមុនពេលចាប់ផ្តើមនៃការចរចា។
គួរជម្រាបជូនផងដែរថា នេះត្រូវបានចាត់ទុកជាផ្នែកមួយនៃការចរចាសន្តិភាពរវាង សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីឈានទៅរកការបញ្ចប់ជម្លោះទាំងស្រុង។ ប្រធានាធិបតី លោក ដូណាល់ ត្រាំ ក៏បានប្រកាសពីការលុបចោលការបិទផ្លូវសមុទ្ររបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ភ្លាមៗ ក៏ដូចជាការបើកច្រកសមុទ្រ Hormuz ឡើងវិញ ដោយមិនគិតថ្លៃដឹកជញ្ជូនផងដែរ៕

