យោងតាមការចុះផ្សាយពីសារព័ត៌មាន CNN បានបង្ហាញឲ្យដឹងថា អ៊ីរ៉ង់ ហាក់ដូចជាចង់ចរចាជាមួយអនុប្រធានាធិបតីអាមេរិក លោក JD Vance ដែលត្រូវបានគេមើលឃើញថាមានចេតនាល្អ និងចង់បញ្ចប់ជម្លោះឲ្យបានឆាប់។
![]()
ប្រភពដដែល បានរាយការណ៍កាលពីថ្ងៃទី២៤ ខែមីនាថា តំណាងអ៊ីរ៉ង់ បានជូនដំណឹងដល់រដ្ឋបាលរបស់លោក ត្រាំ ថា ពួកគេមិនចង់បន្តការចរចាជាមួយបេសកជនពិសេស លោក Steve Witkoff និង Jared Kushner ទេ ប៉ុន្តែផ្ទុយទៅវិញពួកគេចង់និយាយជាមួយអនុប្រធានាធិបតី លោក JD Vance ជាង។
សារបានបញ្ជូនតាមរយៈបណ្តាញក្រៅផ្លូវការទៅកាន់ទីក្រុងវ៉ាស៊ីនតោននេះ បានបង្ហាញថា ទីក្រុងតេអេរ៉ង់ជឿថា ការចូលរួមរបស់លោក Witkoff និង Kushner នឹងគ្មានប្រសិទ្ធភាពទេ ដោយសារកម្រិតនៃការមិនទុកចិត្តដែលកើតចេញពីការចរចាដែលខូចមុនពេលការវាយប្រហាររវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់។
យោងតាមប្រភពនៅក្នុងតំបន់ បានបង្ហាញទៀតថា អនុប្រធានាធិបតីអាមេរិក លោក Vance ត្រូវបានគេមើលឃើញថាមានទំនោរចង់បញ្ចប់អរិភាពច្រើនជាងនរណាៗទាំងណស់។ ហើយថ្នាក់ដឹកនាំអ៊ីរ៉ង់ជាច្រើនយល់ឃើញថា លោក Vance មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបញ្ចប់ជម្លោះនេះ។
តែទោះជាយ៉ាងណាក៏ដោយ ភាគីពាក់ព័ន្ធក៏បានទទួលស្គាល់ផងដែរថា ការចូលរួមរបស់លោក Vance ក្នុងការចរចានៅតែមានហានិភ័យ ព្រោះវាមិនងាយស្រួលក្នុងការចរចាបញ្ចប់ការប្រយុទ្ធភ្លាមៗនោះទេ ខណៈពេលដែលលោក Witkoff នឹងនៅតែតំណាងឲ្យសហរដ្ឋអាមេរិក និងចូលរួមយ៉ាងសកម្មក្នុងបញ្ហាពាក់ព័ន្ធដដែល៕

