ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា កប៉ាល់បានចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ឡើងវិញជាបណ្តើៗហើយ ខណៈផ្លូវដឹកជញ្ជុនដ៏សំខាន់នេះ នឹងបើកឡើងវិញទាំងស្រុង នៅថ្ងៃទី១៩ ខែមិថុនាខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក ត្រាំ បានបង្ហោះសារមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់ខ្លួនថា ៖”កប៉ាល់ដឹកប្រេងជាច្រើនកំពុងចាកចេញពីច្រកសមុទ្រ Hormuz។ ពួកគេនឹងមិនឃើញមីស៊ីលផ្លោងមួយចំនួនដែលត្រូវធ្លាប់ឃើញពីមុននោះឡើយ។ ផ្លូវដឹកជញ្ជូននេះនឹងបើកទាំងស្រុង នៅថ្ងៃសុក្រ ថ្ងៃទី១៩ ខែមិថុនា”។
គួរឲ្យដឹងថា អ៊ីរ៉ង់បានបិទច្រកសមុទ្រ Hormuz ចាប់តាំងពីជម្លោះជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានផ្ទុះឡើងនៅចុងខែកុម្ភៈ ដែលបណ្តាលឱ្យតម្លៃប្រេងហក់ឡើងថ្លៃយ៉ាងខ្លាំង និងបង្កើនការព្រួយបារម្ភអំពីអតិផរណាដ៏យូរផងដែរ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អ្វីៗហាក់កំពុងធូរស្រាលវិញហើយ ខណៈសហរដ្ឋអាមេរិក អ៊ីរ៉ង់ និងអ្នកសម្របសម្រួលប៉ាគីស្ថាន បាននិយាយថា កិច្ចព្រមព្រៀងសន្តិភាពមួយ នឹងត្រូវចុះហត្ថលេខានៅប្រទេសស្វីស នៅថ្ងៃទី១០ ខែមិថុនាខាងមុខ។
ទន្ទឹមនឹងនេះ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi ក៏បាននិយាយផងដែរថា កិច្ចព្រមព្រៀងនេះបានបញ្ចប់សង្គ្រាមភ្លាមៗ ហើយការចរចាដើម្បីឈានដល់កិច្ចព្រមព្រៀងចុងក្រោយ នឹងធ្វើឡើងក្នុងរយៈពេលពីរខែខាងមុខ។
គួរជម្រាបជូនថា ដំណឹងនៃកិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះភ្លាមៗ និងជំរុញទីផ្សារភាគហ៊ុនសកលហក់ឡើងយ៉ាងខ្លាំង។ តម្លៃប្រេងឆៅបានធ្លាក់ចុះជិត ៥% មកនៅត្រឹមប្រហែល ៨០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីបានឡើងលើសពី ១១០ដុល្លារ នៅពេលដែលជម្លោះផ្ទុះឡើង៕

