កម្មវិធីពិព័រណ៍សាលារៀន «BACK TO SCHOOL FAIR» រដូវកាលទី៣ រៀបចំដោយក្រុមហ៊ុន ជីប ម៉ុង រីថែល កំពុងបើកដំណើរការរយៈពេល ៣ថ្ងៃ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល

សង្គម​ និង​សេដ្ឋកិច្ច

កម្មវិធីពិព័រណ៍សាលារៀន «BACK TO SCHOOL FAIR» រដូវកាលទី៣ ដែលរៀបចំដោយក្រុមហ៊ុន ជីប ម៉ុង រីថែល ត្រូវបានបើកសម្ពោធជាផ្លូវការហើយ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីបើកសម្ពោធដ៏អធិកអធមនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំស្ថាប័ន ក្រុមហ៊ុន និងសាលារៀនអន្តរជាតិល្បីៗជាច្រើន រួមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិផងដែរ។

ក្នុងឱកាសដ៏មានអត្ថន័យនេះ លោកជំទាវ លី សុខឆេង បានមានប្រសាសន៍ថា នេះគឺជាឆ្នាំទី៣ ហើយដែលក្រុមហ៊ុន ជីប ម៉ុង រីថែល បានរៀបចំកម្មវិធី «Back to School Fair» ដើម្បីលើកកម្ពស់វិស័យអប់រំ និងបង្កើតឱកាសឱ្យមាតាបិតា សិស្សានុសិស្ស និងស្ថាប័នអប់រំ បានជួបជុំ និងផ្លាស់ប្តូរព័ត៌មានគ្នានៅក្នុងទីតាំងតែមួយ។

លោកជំទាវបានមានប្រសាសន៍ថា៖

«គោលបំណងសំខាន់នៃការរៀបចំកម្មវិធីនេះ គឺដើម្បីរួមចំណែកលើកកម្ពស់ការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស។ យើងជឿជាក់ថា ធនធានមនុស្សដែលមានគុណភាព គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិឱ្យរីកចម្រើនប្រកបដោយចីរភាព»។

លោកជំទាវបានបន្ថែមថា ក្នុងនាមជាអ្នកដឹកនាំផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល លោកជំទាវមានបំណងឱ្យទីតាំងនេះ ក្លាយជាមជ្ឈមណ្ឌលដែលមិនត្រឹមតែផ្តល់បទពិសោធន៍ទិញទំនិញ និងការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកន្លែងដែលផ្តល់ចំណេះដឹង បំផុសគំនិត និងគាំទ្រដល់ការសិក្សារបស់កុមារ និងយុវជនផងដែរ។

ជាពិសេស ឆ្នាំនេះគឺជាលើកដំបូងដែលកម្មវិធីអាចប្រមូលផ្តុំសាលារៀនអន្តរជាតិធំៗ និងល្បីៗជាច្រើន ឱ្យមកជួបជុំគ្នានៅទីតាំងតែមួយ ដែលជាសមិទ្ធផលដ៏គួរឱ្យមោទនភាព និងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ ជីប ម៉ុង រីថែល ក្នុងការបង្កើតកម្មវិធីដែលមានតម្លៃ និងផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់សង្គម ជាពិសេសក្នុងវិស័យអប់រំ។

សូមជម្រាបជូនថា កម្មវិធី BACK TO SCHOOL FAIR រដូវកាលទី៣ នឹងប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:០០ ព្រឹក ដល់ម៉ោង ៩:០០ យប់។

ព្រឹត្តិការណ៍ដ៏ធំនេះ មានការចូលរួមពីស្ថាប័នអប់រំ មន្ទីរពេទ្យកុមារ និងក្រុមហ៊ុនឈានមុខជាង ៣០ ស្ថាប័ន ជាមួយស្តង់តាំងបង្ហាញជាង ៣០ ស្តង់។ អ្នកចូលរួមទស្សនានឹងមានឱកាសទទួលបានព័ត៌មានសិក្សាដ៏មានប្រយោជន៍ ព្រមទាំងការផ្តល់ជូនពិសេសជាច្រើន រួមមានការបញ្ចុះតម្លៃលើកម្រៃសិក្សា អាហារូបករណ៍ កញ្ចប់សេវាកម្ម និងអត្ថប្រយោជន៍ផ្សេងៗពីសាលារៀន មន្ទីរពេទ្យ និងក្រុមហ៊ុនដែលចូលរួមក្នុងកម្មវិធីនេះផងដែរ៕